ភ្នំពេញ៖ លោកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industryទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់«ជាតូបការ»ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃសៅរ៍ទី២៧ខែមិថុនាឆ្នាំ២០២៦នាកម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យម។
នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសថ្នាក់«ជាតូបការ»នោះដែរ
គឺក្រោមវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីផងដែរ។
សូមបញ្ជាក់ថា LSV Industry ជាក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយដែលគេស្គាល់ដំបូងថាជាផលិតផលសាប៊ូ OKAបាននិងកំពុងកែច្នៃកសិផលដែលប្រមូលទិញពីកសិករ ទៅកែច្នៃ និងផលិតឱ្យចេញជាផលិតផលថ្មី ដូចជាសាប៊ូលាងចានជាដើម ប្រកបទៅដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។
ក្រុមហ៊ុនខាងលើកំពុងតែផលិតសាប៊ូច្នៃចេញពីបន្លែ ផ្លែឈើផ្សេងៗទាំងអស់នេះ គឺកើតឡើងដោយសារមើលឃើញពីផលលំបាករបស់បងប្អូនកសិករដែលតែងជួបប្រទះបញ្ហាទីផ្សារនៅក្នុងរដូវប្រមូលផលជន់ជោរ លក់មិនចេញ ហើយទទួលបានតម្លៃថោកមិនអាចទទួលយកបានឬមិនរួចថ្លៃដាំដុះផងនោះ។






