ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច៖គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជនគឺសាមគ្គីភាពផ្ទៃក្នុងធ្វើការជាក្រុមអភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញបង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់

កណ្តាល៖ ក្នុងដំណើរការបោះឆ្នោតនៅឃុំព្រះប្រសប់នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក៏ដូចជាចំថ្ងៃខួបលើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំយុវជនឃុំព្រះប្រសប់ ត្រូវរួមសាមគ្គីគ្នាផ្ទៃក្នុង ធ្វើឱ្យបក្សរបស់យើងកាន់តែរឹងមាំ និងបន្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ ប្រឹងប្រែងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងបន្ទាប់មកបម្រើសហគមន៍របស់ខ្លួនថែមទៀត។
ឯកឧត្តមបណ្ឌិត ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រចាំស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាយ សុខឃាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះប្រសប់ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៤៥នាក់។
ឯកឧត្តម ឡាយ សុខឃាង បានសំដែងក្តីរីករាយដែលបានចូលរួមកម្មវីធីបោះឆ្នោតជ្រើសរើសយុវជនក្នុងរចនាសម័្ពនគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រះប្រសប់ និងបានថ្លែងអំគុណចំពោះឯកឧត្តមបណ្ឌិតកៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល ដែលអញ្ជើញជាអធិបតីភាពក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនក្នុងឃុំនេះ និងបានកោតសរសើរចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ និងយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់រៀបចំការបោះឆ្នោតនេះឡើង ស្របតាមលិទ្ធិប្រជាធិបតេយ្យ។
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍សំណេះសំណាលលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះមិនចម្លែកទេ គឺជាការបោះឆ្នោតសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រះសប់ ដោយអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើន ទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។
ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំនូវគន្លឹះសំខាន់ ៣ចំនុចធំៗ ដល់យុវជន គឺរៀន រកស៊ី និងបំរើ ពោលគឺទី១- ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យក្លាយជាបុគ្គលល្អ អាចដឹកនាំគ្រួសារ និងសហគមន៍ឲ្យកាន់តែរីកចម្រើន។ ទី២- ត្រូវមានប្រាក់ចំណូលតាមវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អ និង ទី៣- ក្រោយពីមានចំណេះដឹង និងមានប្រាក់ចំណូលច្រើនហើយ ត្រូវចូលរួមបម្រើសហគមន៍ ក៏ដូចជាបម្រើប្រជាជននៅក្នុងមូលដ្ឋានផង។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាពចំណេះដឹងរបស់ខ្លួន ដើម្បីកសាងស្មារតីស្នេហាជាតិដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ចំណែកការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុវិញ យុវជន ត្រូវរៀនសូត្រជាប្រចាំ ក្នុងគោលបំណងបង្កើនប្រាក់ចំណូល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តយុវជនរបស់គណបក្សប្រជាជន ក្នុងឃុំព្រះប្រសប់ ត្រូវបន្តខិតខំសិក្សារៀនសូត្រ គឺសំខាន់ណាស់ បើចង់បានចំណេះដឹង ត្រូវប្រឹងរៀន គឺរៀនពេញមួយជីវិត ជាពិសេស ត្រូវរៀនអំពីបច្ចេកវិទ្យាថ្មីៗថែមទៀត។
សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន១០រូប ប៉ុន្តែជ្រើសរើសយកតែ៥រូបប៉ុណ្ណោះ ហើយភាគច្រើនពួកគាត់មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ។
តាមរយៈសន្លឹកឆ្នោត២៤៥សន្លឹក និងមានសន្លឹកឆ្នោតមិនបានការ៣ សន្លឹក។ បេក្ខជនជាប់ឆ្នោតទាំងប្រាំរូប មានប្រុស៣ រូប ស្រ្តី២រូប។ បេក្ខជនទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេ គឺឈ្មោះ កយ ស្រីពៅ ភេទស្រី អាយុ២១ ឆ្នាំ ទទួលបាន ១០៨សំឡេង, ទី២ ឈ្មោះ ថា ឌីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ទទួលបាន ១៤៣សំឡេង, ទី៣ ឈ្មោះ ណាន ឌីណា ភេទប្រុស អាយុ ២០ឆ្នាំ ទទួលបាន ១៣៦ សំឡេង, ទី៤ ឈ្មោះ ភ័ស្ត រ៉ាទី ភេទស្រី អាយុ ២០ឆ្នាំ ទទួលបាន ១៣៣សំឡេង និងទី៤ បេក្ខជនឈ្មោះជិន វ៉េងហូ ភេទប្រុស អាយុ ២១ឆ្នាំ ទទួលបាន ១៣២សំឡេង៕