ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESSតាមដីការបស់តុលាការពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

(ភ្នំពេញ)៖ អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESS ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ តាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន។
ជនត្រូវចោទដែលត្រូវបានចាប់ និងឃុំខ្លួនឈ្មោះ ខេង ឌីណា ហើយដោយឡែកឈ្មោះ ទូច ចាន់រស្មី ដែលត្រូវជាប្រពន្ធ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ បុគ្គលទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត»។
ជនត្រូវចោទពីរនាក់ប្ដីប្រពន្ធ គឺជាមិត្តភ័ក្ររបស់ដើមបណ្ដឹងដែលជាម្ចាស់ក្រុមហ៊ុនឈ្មោះ ឃាង ពីវ។ ដើមចមដែលឲ្យជនត្រូវចោទមកមើលការខុសត្រូវនៅក្រុមហ៊ុននេះ គឺដោយសារទុកចិត្ត និងចង់ជួយដល់ជីវភាពឲ្យកាន់តែប្រសើរ ក្រោមមកនៅពេលមកគ្រប់គ្រងក្រុមហ៊ុនក៏ចាប់ផ្ដើមមានគំនិតកិបកេងលុយតែម្ដង ខណៈដែលដើមបណ្ដឹងក៏មិនសូវមានពេលគ្រប់គ្រាន់ ដើម្បីមកគិតគូរលុយកាក់ ដោយសារទុកចិត្តជនត្រូវចោទ ប៉ុន្ដែក្រោយមកក៏បែកធ្លាយរឿងកិបកេងតែម្ដង។
មុនឈានដល់ការចាប់ខ្លួនជនត្រូវចោទខាងលើ ពោលកាលពីអំឡុងចុងឆ្នាំ២០២៤ ក្រុមហ៊ុនបានប្ដឹងបុគ្គលិកម្នាក់ឈ្មោះ គឹម ជាស៉ិន ពាក់ព័ន្ធករណីកិបកេងលុយក្រុមហ៊ុនចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ រាប់ម៉ឺនដុល្លារ ហើយពេលនោះ ឈ្មោះ គឹម ជាស៉ិន ក៏បានឆ្លើយសារភាពថា រូបគេគឺពិតជាកិបកេងលុយប្រាកដមែន ប៉ុន្ដែចម្លើយសារភាពនោះគឺឈ្មោះ ខេង ឌីណា និងឈ្មោះ ទូច ចាន់រស្មី ជាអ្នកនៅពីក្រោយឲ្យទទួលកំហុសជំនួស។
ពួកគេទាំង២ បានលួងលោមឲ្យឈ្មោះ គឹម ជាស៊ិន ទទួលកំហុសទាំងអស់ដែលខ្លួនប្រព្រឹត្ត ដោយសន្យាថានឹងជួយដោះស្រាយជាក្រោយ។ ដោយជឿជាក់លើបុគ្គលទាំង២ ទើបទទួលកំហុសទាំងអស់ រួមទាំងបានខ្ចីលុយមិត្តភ័ក្ត្រ ឲ្យបុគ្គលទាំង២​ ចំនួន៥ម៉ឺនដុល្លាទៀតផង។
ក្រោយពេលខ្លួនជាប់គុកបុគ្គលទាំង២ មិនបានជួយដោះស្រាយឲ្យនោះទេ ថែមទាំងព្យាយាមទម្លាក់កំហុស និយាយបំភ្លើសឲ្យកាន់តែមានកំហុសខ្លាំង។ ដោយឡែក សំណុំរឿងឈ្មោះ គឹម ជាស៉ិន កំពុងបន្ដនីតិវិធីតាមផ្លូវតុលាការ ដោយប្ដឹងបន្ដពីសាលាឧទ្ធរណ៍ ទៅកាន់តុលាការកំពូល។
ជនត្រូវចោទឈ្មោះ ខេង ឌីណា ត្រូវបាននិងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ខណៈប្រពន្ធឈ្មោះ ទូច ចាន់រស្មី ត្រូវបានដាក់ឲ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕