ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមសម្របសម្រួល លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។
ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកិច្ចពិភាក្សានោះ ក្នុងគោលដៅចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានមានប្រសាសន៍លើកឡើងអំពីសក្តានុពលនៃតម្រូវការហិរញ្ញប្បទានបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ជាព័ត៌មានបន្ថែមជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីប្រភេទផលិតផលហិរញ្ញប្បទានបៃតងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលក្នុងនោះរួមមាន៖ ហិរញ្ញប្បទានបៃតងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងហិរញ្ញប្បទានបៃតងក្រោមក្របខណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Financing Facility)នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។
ជាលទ្ធផល, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថានក្នុងការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតងដល់គម្រោងរបស់ក្រសួងបរិស្ថាន ដែលចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (mitigation) និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (Adaptation)។





