ភ្នំពេញ៖ថ្ងៃទី 01 ខែកក្តដា ឆ្នាំ2026 ក្រុង LongBeach, រដ្ឋ California៖ ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសហការី ដែលមានឧកញ៉ា យិន វេងអានអនុប្រធានក្រុមប្រឹក្សភិបាល ឧកញ៉ា គឹម ប៊ុន សាន្ត អនុប្រធាន សហព័ន្ធ លោក ចាន់ ពេជ្រអនុប្រធានសហព័ន្ធ និងតំណាងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បានជួបពិភាក្សា និងសំណេះសំណាលជាមួយ ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California និងជាប្រធានការិយាល័យសភាពពាណិជ្ជកម្មកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពទីផ្សារអង្ករនៅសហរដ្ឋអាមេរិក និន្នាការតម្រូវការរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងជាមួយអង្ករពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងឱកាសក្នុងការបង្កើនវត្តមានអង្ករកម្ពុជានៅតាមបណ្តាញចែកចាយ និងផ្សារទំនើបនានា។
ឯកឧត្តម គឹម ឆាលហួត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា និងបានបង្ហាញពីការត្រៀមខ្លួនរបស់ការិយាល័យសភាពពាណិជ្ជកម្មកម្ពុជាប្រចាំក្រុង Long Beach ក្នុងការសម្របសម្រួលការតភ្ជាប់រវាងអ្នកនាំចេញអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម និងបង្កើនការទទួលស្គាល់ម៉ាកអង្ករកម្ពុជាកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការសម្របសម្រួលរបស់ឯកឧត្តម គឹម ឆាលហួត ដែលបានរួមចំណែកជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ឧកញ៉ាបានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សាលើកនេះ មានគោលបំណងសិក្សាអំពីតម្រូវការទីផ្សារ គុណភាព ការវេចខ្ចប់ ការធ្វើម៉ាកសញ្ញា និងយុទ្ធសាស្ត្រទីផ្សារ ដើម្បីឱ្យអង្ករកម្ពុជាអាចប្រកួតប្រជែងបានកាន់តែប្រសើរនៅលើទីផ្សារអន្តរជាតិ។
ភាគីទាំងពីរក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រៀបចំសកម្មភាពផ្សព្វផ្សាយផលិតផលកម្ពុជា កម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) និងជំរុញការតភ្ជាប់ដោយផ្ទាល់រវាងអ្នកផលិត អ្នកនាំចេញ និងអ្នកនាំចូល ដើម្បីបង្កើនតម្លៃ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើទីផ្សារសហរដ្ឋអាមេរិក។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងប្រកបដោយផ្លែផ្កា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។






