ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

បណ្តាខេត្ត៖មន្រ្តីសាខា ក.ប.ប. ១. ខេត្តកណ្ដាល ២. ខេត្តក្រចេះ និង ៣. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្តការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀនជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាចំនួន៣រួមមាន៖
១.អនុវិទ្យាល័យបន្ទាយដែក ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល និង
២.បឋមសិក្សានិងអនុវិទ្យាល័យគោលាប់ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ
៣.បឋមសិក្សាទ្រាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ដែលមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករក្នុងសាលា សរុបទាំង៣ គោលដៅ ចូលរួមចំនួន ៩៧៩នាក់។
នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ៣៧៥សន្លឹក ជូនដល់សិស្សានុសិស្សផងដែរ។
សង្កត់ធ្ងន់ក្នុងពិធីផ្សព្វផ្សាយនោះ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមានជាតិផ្អែមខ្លាំង ព្រោះបណ្ដាលឱ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាយថាហេតុ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនជាហេតុធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។

ក្នុងករណីមានការសង្ស័យ ឬភាពមិនប្រក្រតីលើផលិតផលទំនិញនិងសេវា អ្នកចូលរួមទាំងអស់អាចផ្តល់ព័ត៌មានជូនទៅលោកគ្រូ អ្នកគ្រូ គណៈកម្មាធិការសាលា អាចរាយការណ៍មកកាន់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬ CCF Complaint App (ដែលអាចដោនឡូដ ពីប្រព័ន្ធ Android ឬ IOS ចូលទូរសព្ទស្មាតហ្វូន ដើម្បីដាក់បណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ជួយស្វែងរកដំណោះស្រាយ)។