(រាជធានីភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានរៀបចំនូវសិក្ខាសាលាស្តីពី «ទស្សនទានពាក់ព័ន្ធនឹងសុវត្ថិភាពផលិតផលសម្រាប់ស្ថាប័នគោលនយោបាយ ធុរជន និងអ្នកប្រើប្រាស់៖ ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ» ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងលោកស្រី Abigail Fryerភារធារីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចូលរួមជាកិត្តិយសពីលោក Graham Russell នាយកប្រតិបត្តិនៃការិយាល័យសុវត្ថិភាពផលិតផល និងស្តង់ដារ (Office for Product Safety and Standard/OPSS) នៃចក្រភពអង់គ្លេស រួមទាំងតំណាងវិស័យសាធារណៈ (ស្ថាប័នគោលនយោបាយនិងស្ថាប័នអនុវត្តច្បាប់) តំណាងវិស័យឯកជន និងតំណាងអ្នកប្រើប្រាស់ សរុបចំនួន ៨០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផលិតផល ព្រមទាំងផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ឲ្យយល់ដឹងពីទស្សនទាន បទពិសោធន៍ និងការអនុវត្តល្អរបស់អន្តរជាតិពាក់ព័ន្ធនឹងសុវត្ថិភាពផលិតផលសម្រាប់ស្ថាប័នគោលនយោបាយ ធុរជន និងអ្នកប្រើប្រាស់ ជាពិសេសបទពិសោធន៍ និងការអនុវត្តជាក់ស្តែងរបស់ចក្រភពអង់គ្លេសផ្ទាល់តែម្តង។
លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានគោលបំណងក្នុងការលើកកម្ពស់អនុលោមភាពតាមច្បាប់របស់ធុរជន ព្រមទាំងលើកទឹកចិត្ត និងជំរុញឲ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមឱ្យអនុវត្តធុរកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ និងចាត់ទុកសុវត្ថិភាពផលិតផលជាអាទិភាពចម្បង។
ក្នុងសិក្ខាសាលានេះផងដែរ ក៏បានផ្តល់កិច្ចពិភាក្សា ពិសេសការផ្តល់សារៈសំខាន់ដែលជាចំណុចគន្លឹះក្នុងការអនុវត្តប្រកបដោយកំណើនសេដ្ឋកិច្ច ពោលគឺកិច្ចសហការប្រកបដោយភាពប្រទាក់ក្រឡានិងទំនុកចិត្តគ្នា រវាងតួអង្គសំខាន់បីគឺ ស្ថាប័នគោលនយោបាយ វិស័យឯកជន និងអ្នកប្រើប្រាស់។









































