ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ឆ្មាំទន្លេតំបន់កាំពី ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ តាមដង​ទន្លេ​មេគង្គ ក្នុងខេត្តក្រចេះ

ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមឆ្មាំទន្លេតំបន់កាំពី-ជ្រោយបន្ទាយ សហការជាមួយកម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ និងសហគមន៍នេសាទសំបុក បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេ​មេគង្គ ក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត អន្លង់កាំពី ជ្រោយ​បន្ទាយ វឌ្ឍនៈ សន្តាន់ និងបឹងចារ លើយន្តការ ២៤ម៉ោងលើ​២៤​ម៉ោង។
ជាលទ្ធផលនៃការបង្ក្រាប បានដកហូតមងពាក់ចំនួន ២ត្បូង ប្រវែង ៤០ម៉ែត្រ ក្រលា ១៥សង់ទីម៉ែត្រ នៅចំណុចកោះព្រហ្មចារីយ៍ ឃុំជ្រោយបន្ទាយ។

ជាមួយគ្នានោះដែរ ក្រៅពីតំបន់អភិរក្សផ្សោតមន្ត្រីខណ្ឌរដ្ឋបាលបាន​សហការជាមួយក្រុមប្រឹក្សាសង្កាត់រកាកណ្តាល កម្លាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល ក្រុងក្រចេះ ដោយមានការចូលរួមពីប្រជា​ការពារភូមិ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនៅចំណុច​បឹងរំលាច ក្រុងក្រចេះ ដែលទទួលបានលទ្ធផលរួមមាន៖ បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ របាំងស្បៃមុងចំនួន ៩ខ្សែ ប្រវែង ៤៥០ម៉ែត្រ, លូស្បៃមុងចំនួន ៣មាត់, បង្គោលឫស្សី ៧៥ដើម និងបានចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ២៥គីឡូក្រាម៕