ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។
តាមរយៈសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។
ក្រសួងការងារបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៦៤៦ ៥០០/+៨៥៥ ១០ ៦៤៦ ៥០០ នៅរៀងរាល់ម៉ោងធ្វើការ។
ដោយឡែក សម្រាប់អតីតពលករខ្មែរដែលមានបំណងស្វែងរកការងារធ្វើ ក្រសួងបានណែនាំឱ្យទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីនេះមានគោលបំណងគាំទ្រដល់អតីតពលករខ្មែរឱ្យអាចបន្តអភិវឌ្ឍសមត្ថភាព បង្កើនឱកាសទទួលបានការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅតាមរយៈការងារ ឬការបង្កើតមុខរបរដោយខ្លួនឯង៕



