ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាព ជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមលើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករយើង ដើម្បីដឹងថា ការធ្វើស្រែពួកគាត់ទទួលបានចំណេញ ឬខាត។
ការលើកឡើងដូច្នោះ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំប្រជាកសិករថ្ងៃនេះ ដើម្បីស្តាប់បញ្ហាប្រឈមក៏ដូចជាការផ្លាស់ប្តូរយោបល់ដោយផ្ទាល់ ព្រមទាំងណែនាំ និងផ្តល់ព័ត៌មានជូនប្រជាកសិករនៅក្នុងស្រុកនេះបានស្គាល់ពី ធនាគារ ARDB និងសមាគមបណ្តាញកសិករតេជោ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម។
ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជូនកសិករថា ស្រុកកំពង់លែងមានសក្តានុពលធម្មជាតិខ្ពស់គឺ ដីមានជីជាតិ និងមានប្រភពទឹកគ្រប់គ្រាន់ ដែលតំបន់នេះមានលក្ខណៈ ភូមិសាស្ត្រជាពិសេស គឺប្រហែល ៩ខែជាដីគោក និង៣ខែទទួលរងទឹកជំនន់ អាចអភិវឌ្ឍបានទាំងការដាំស្រូវ ដំណាំចម្ការ បន្លែ ដំណាំហូបផ្លែ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងការកែច្នៃផលិតផលកសិកម្ម។
ទន្ទឹមនោះ សូមប្រជាកសិករនៅ ស្រុកកំពង់លែង កុំធ្វើកសិកម្មដោយគ្រាន់តែជឿតាមការផ្សព្វផ្សាយ និងព័ត៌មាននៅលើបណ្ដាញសង្គម ដោយមិនបានសិក្សាពីការពិត ជាពិសេស ថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ខណៈស្រុកកំពង់លែងជាតំបន់មានសក្តានុពលខ្ពស់លើវិស័យកសិកម្ម។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានបានជំរុញឱ្យប្រជាពលរដ្ឋខិតខំបង្កើនប្រាក់ចំណូលតាមរយៈការធ្វើកសិកម្ម និងមុខរបរស្របច្បាប់ជាជាងប្រកបរបរនេសាទខុសច្បាប់ជាដើម ហើយបរិបទនេះ កសិករគួរចេះតាមដានអាកាសធាតុ ការជ្រើសរើសពូជដំណាំឱ្យសមស្របនឹងស្ថានភាពដី ព្រមទាំងប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ដើម្បីបង្កើនទិន្នផលកាត់បន្ថយថ្លៃដើមផលិត។



















