ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង”វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦” ក្រោមប្រធានបទ “សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច” ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
វេទិកាខាងលើនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកថា វេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជនដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែនដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថាការរៀបចំនូវវេទិកាថ្នាក់ជាតិនេះឡើងក៏ជាកាតាលីករដ៏ចាំបាច់មួយក្នុងការបង្កើតនូវអេកូប្រព័ន្ធហិរញ្ញវត្ថុ(Financial Ecosystem)មួយប្រកបដោយបរិយាបន្ន តាមរយៈការតភ្ជាប់ដោយផ្ទាល់រវាងធុរកិច្ចជាមួយនឹងយន្តការគាំទ្រសំខាន់ៗរបស់រាជរដ្ឋាភិបាល។
បន្ថែមលើនេះវេទិកានេះក៏ដើរតួជាថ្នាលសន្ទនាបើកចំហ ក្នុងការប្រមូលធាតុចូល និងអនុសាសន៍កែលម្អនានាសំដៅពង្រឹងសហថាមពលរវាងរដ្ឋ និងវិស័យឯកជនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានក៏ដូចជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យសូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់កម្រិតនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធរួមមាន៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល,ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា,សាជីវកម្មធានាឥណទានកម្ពុជា,មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព,មូលនិធិអភិវឌ្ឍន៍ជំនាញ,សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី“តេជោ”ដែលបានសហការផ្ដួចផ្ដើមរៀបចំវេទិកានេះឡើង។
ជាចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន សមាគម ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងឡាយបន្តសកម្មភាពចូលរួមជាមួយស្ថាប័នទាំង៨ខាងលើក្នុងការអនុវត្ត និងការផ្សព្វផ្សាយយន្តការផ្តល់ហិរញ្ញប្បទានធុរកិច្ចឲ្យបានកាន់តែទូលំទូលាយផងដែរ៕
