ភ្នំពេញ៖ វិមាន ៧ មករា៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកខ្សាច់កណ្តាលស្តីពីកសាង និងពង្រឹងសមត្ថភាពយុវជន ដែលបានចូលរួមប្រមាណ ៣៥២រូប នៅវិមាន ៧ មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ ផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល,សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល និងប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្ទៃយ៍យុវជនគណបក្សថ្នាក់កណ្តាល។
ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងបានឡើងថ្លែងមតិស្វាគមន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកខ្សាច់កណ្ដាលនេះ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលយុវជនគណបក្សប្រចាំស្រុកខ្សាច់កណ្ដាល នាពេលនេះ គឺក្នុងគោលបំណងពង្រឹងគោលជំហរនយោបាយ ស្មារតីទទួលខុសត្រូវ និងបង្កើនសមត្ថភាពយល់ដឹងស៊ីជម្រៅជូនដល់យុវជនក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខ ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងទទួលបានជ័យជម្នះដ៏ធំធេងជាថ្មីទៀត។
ឯកឧត្តមបណ្ឌិត បានស្នើដល់សមាជិក សមាជិកាបក្សទាំងអស់ យកចិត្តទុកដាក់ស្តាប់នូវបាឋកថា បទឧទ្ទេសនាម ការធ្វើបទបង្ហាញចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសមរភូមិព័ត៌មានក្នុងប្រព័ន្ធ Social Media, ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដើម្បីទុកជាត្រីវិស័យ និងជាដើមទុនសម្រាប់អនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ ឱ្យទទួលបានជោគជ័យ។
ជាផ្នែកមួយដ៏សំខាន់នៃវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំ-ការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញធ្វើបទបង្ហាញជាគន្លឹះស្តីពី ការគ្រប់គ្រងសមរភូមិក្នុងប្រព័ន្ធ Social Media។
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយសង្គមជាសមរភូមិមតិ យុវជន ត្រូវតែហ៊ាន និងការពារការពិត ឆ្លើយតបបានទាន់ពេលវេលាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) និងការប្រឌិតរឿង ដែលបំពុលសង្គម។ ឯកឧត្តម បន្តថា យុវជនត្រូវចេះប្រើឧបករណ៍ឌីជីថលដោយស្មារតីទទួលខុសត្រូវ ត្រូវចេះប្រើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលពិតរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកក្នុងការកសាងរូបភាពវិជ្ជមានរបស់ប្រទេសជាតិ។
ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងបឋកថាស្តីអំពីប្រវត្តិ សកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិ និងប្រជាជន ក្នុងនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់ជាអនុសាសន៍១១ចំនុច ដល់ប្រធានយុវជនគណបក្សនៅគ្រប់បណ្ដាថ្នាក់យុវជនបក្ស ដូចជា៖
ទី១- ត្រូវពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយបញ្ជូលទៅក្នុងប្រព័ន្ធរបស់គណបក្ស។
ទី២. ត្រូវបន្តចិញ្ចឹមចលនានៅមូលដ្ឋាន ថែទាំស្មារតីអារម្មណ៍ជាប់ជាប្រចាំ និងផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស ដើម្បីពង្រឹងជំនឿ និងការគាំទ្រ។
ទី៣. ត្រូវពង្រឹងការគ្រប់គ្រងសមាជិកបក្ស ទាំងខាងនយោបាយ ស្មារតីអារម្មណ៍ និងចាត់តាំង តាមទិសដៅសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក។
ទី៤. ត្រូវបន្តខិតខំកសាងកម្លាំងសនៅមូលដ្ឋាន និងទាញកម្លាំងក្រៅប្រព័ន្ធ និងកម្លាំងប្រជែង ជាពិសេសយុវជនដែលដល់អាយុបោះឆ្នោត។
ទី៥. ត្រូវរៀបចំកម្មវិធីជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សជាយុវជននៅគ្រប់បណ្ដាថ្នាក់ ដើម្បីមានមូលដ្ឋាននៅក្នុងការរៀបចំផែនការសកម្មភាព ដោយសហការជាមួយគណៈកម្មាធិការបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន។
ទី៦. ត្រូវក្តាប់ឱ្យបានពីទស្សនៈ គោលជំហរ គោលនយោបាយ ស្មារតី និងចាត់តាំងរបស់យុវជននៅគ្រប់បណ្ដាថ្នាក់ និងពន្យល់ ឱ្យបានច្បាស់លាស់ នូវរាល់ព័ត៌មានដែលមានចរិតញុះញង់ អុជអាល បំភ្លៃ បំផ្លើសផ្ទុយពីការពិត ជាពិសេសការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ទី៧. ត្រូវសហការ រក្សា និងពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងបន្តឈានទៅជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខ។
ទី៨. ត្រូវផ្សព្វផ្សាយឱ្យយុវជន និងមហាជនបានយល់ច្បាស់អំពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្សសម្រេចបាន ៤៧ឆ្នាំកន្លងមកនេះ។
ទី៩. ត្រូវក្តាប់ឱ្យជាប់ពីកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ព្រមទាំងបញ្ជ្រាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា ទៅក្នុងជួរយុវជន សំដៅលើកកម្ពស់ស្មារតីជឿជាក់ និងគាំទ្រលើការដឹកនាំរបស់សម្ដេចតេជោប្រធានគណបក្ស និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការថែរក្សា ការពារសុខសន្តិភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ទី១០. ត្រូវការពារដាច់ខាត តួអង្គសម្ដេចតេជោ និងតួអង្គសម្ដេចធិបតី ដែលជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
និង ទី១១. ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរយុវជននៅគ្រប់បណ្ដាថ្នាក់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕
