ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្ករកម្ពុជារៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី៣ ដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័ត

ព្រះសីហនុ៖ នៅសណ្ឋាគារ ណូវូតែល ក្រុងព្រះសីហានុ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ សហព័ន្ធស្រូវអង្ករកម្ពុជាដឹកនាំដោយឧកញ៉ា ឡាយ ឈុនហួរ បានរៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ នៅក្នុងនោះ ក៏មានវត្តមានរបស់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលរួមដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័តផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យមើលរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី២
២. ពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦
៣ ពិនិត្យមើលការងារនៃគណៈកម្មាធិការនីមួយៗ
៤. ពិនិត្យ និងពិភាក្សាលើផែនការនៃការរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៨
ជាកិច្ចចាប់ផ្ដើម ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងចំណាប់អារម្មណ៍បើកកម្មវិធីប្រជុំ និងថ្លែងអំណរគុណទៅកាន់សមាជិកក្រុមប្រឹក្សាភិបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី៣។ លើសពីនេះ ឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តទៀតថា តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងអាចប្រមូលនូវធាតុចូលសំខាន់ៗ ដែលនឹងជួយឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា អាចពង្រឹង និងកែលម្អការអនុវត្តផែនការដែលបានរៀបចំឱ្យកាន់តែមានប្រសិទ្ធភាព។
ជាលទ្ធផល អង្គប្រជុំទាំងមូលបានសម្រេច និងអនុម័តទៅលើរបៀបវារៈទាំង ៤ ដោយទទួលបានសម្លេងបោះឆ្នោតមួយរយភាគរយ នៃវត្តមានរបស់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលបានអញ្ជើញចូលរួម។
ជាកិច្ចបញ្ចប់ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងបិទកម្មវិធីប្រជុំ និងថ្លែងអំណរគុណទៅកាន់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលបានចូលរួមពិភាក្សា និងផ្ដល់ធាតុចូលមកកាន់កិច្ចប្រជុំនេះ។ លើសពីនេះ ឧកញ៉ាបណ្ឌិត ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបន្ថែមទៀតថា ការរួបរួមគ្នា និងការចូលរួមរបស់សមាជិកទាំងអស់ គឺជាកត្តាសំខាន់ក្នុងការជំរុញវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែរីកចម្រើន និងឈានទៅសម្រេចបាននូវគោលដៅរួមរបស់សហព័ន្ធ។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំត្រូវបានបញ្ចប់នាវេលាម៉ោង ១ និង ០០ នាទីរសៀល ប្រកបដោយលទ្ធផលជាផ្លែផ្កា និងសាមគ្គីភាព។