បាត់ដំបង៖ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.)នៅថ្ងៃទី ២២ខែសីហាឆ្នាំ២០២៦នេះមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍វត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាពិសេស ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.)។
ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមការងាររបស់យើង ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ឱ្យកាន់តែមានគុណភាព ស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ក្នុងឱកាសទស្សនកិច្ចនេះ គណៈប្រតិភូបានចុះទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន City Rice ចាប់ពីការប្រមូលទិញស្រូវ ការកែច្នៃ ការរក្សាទុក ការត្រួតពិនិត្យគុណភាព រហូតដល់ការរៀបចំផលិតផលសម្រាប់ទីផ្សារ។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ព្រមទាំងពិភាក្សាអំពីសក្តានុពល និងឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ស្រូវ-អង្ករ ពាណិជ្ជកម្ម និងការវិនិយោគ។
ក្នុងនាមជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅស្រុកថ្មគោលខេត្តបាត់ដំបង ដែលជាតំបន់មានសក្តានុពលខ្ពស់ក្នុងការផលិតស្រូវ និងកសិផល ក្រុមហ៊ុន City Rice មានមោទកភាពក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក និងចូលរួមជាមួយកសិករក្នុងការលើកកម្ពស់គុណភាពស្រូវ និងអង្ករកម្ពុជា។
ជាពិសេស ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង វិនពីន ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រទេសចិនប្រចាំកម្ពុជា គឺជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារចិននិងអន្តរជាតិ។
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោស្រី និង ប្រតិភូអមដំណើរទាំងអស់ ដែលបានផ្តល់កិត្តិយសអញ្ជើញមកទស្សនកិច្ច និងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់យើង។ វត្តមាន និងការយកចិត្តទុកដាក់របស់ឯកឧត្តម គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ ក្រុមហ៊ុនCity Rice ក្នុងការបន្តអភិវឌ្ឍខ្លួន ឱ្យកាន់តែរឹងមាំ ប្រកបដោយវិជ្ជាជីវៈ និងចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់វិស័យស្រូវ-អង្ករកម្ពុជា។
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) សូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចដ៏មានកិត្តិយសនេះ។
សូមជូនពរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោស្រី និង ប្រតិភូអមដំណើរទាំងអស់ទាំងអស់ ប្រកបដោយសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។




















#