(ព្រះវិហារ)៖ ពីការស្វែងរកការងារឆ្ងាយពីគ្រួសារ មកជាការចាប់យកឱកាសការងារស្របច្បាប់ក្នុងស្រុក គឺជាជម្រើសដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ ជាក់ស្តែង ក្រសួងបាននាំយកឱកាសការងារចំនួន ២ ៤០០កន្លែង មកជូនប្រជាពលរដ្ឋជិត ៦០០នាក់ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលារវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
វេទិកានេះបាននាំអ្នកស្វែងរកការងារ និងតំណាងនិយោជកមកជួបគ្នាដោយផ្ទាល់នៅក្នុងមូលដ្ឋាន ដោយអ្នកស្វែងរកការងារអាចចុះឈ្មោះ សម្ភាស និងឈ្វេងយល់ពីមុខតំណែង ប្រាក់ឈ្នួល លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ មុនសម្រេចចិត្តចូលបម្រើការងារ។ ការនាំឱកាសការងារមកដល់មូលដ្ឋាននេះ ក៏ជួយកាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្វែងរកការងារនៅទីឆ្ងាយផងដែរ។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស។ ឯកឧត្តមបានលើកទឹកចិត្តជាពិសេសដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យចាប់យកការងារស្របច្បាប់ក្នុងស្រុក ដើម្បីបន្តប្រើប្រាស់ជំនាញ និងបទពិសោធដែលមានបង្កើតប្រាក់ចំណូល និងរស់នៅជិតក្រុមគ្រួសារ ព្រមទាំងទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ការងារតាមច្បាប់ និងការគាំពារពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
ជាមួយគ្នានេះ ក្រសួងក៏កំពុងពង្រីកការបណ្តុះបណ្តាលជំនាញឱ្យស្របនឹងតម្រូវការទីផ្សារការងារ តាមរយៈរថយន្តចល័ត ដូចជា ផ្នែកសម្ផស្ស សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ និងឆុងកាហ្វេ។ ចំពោះអ្នកមានជំនាញ និងបទពិសោធស្រាប់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ ក្រសួងក៏អនុវត្តកម្មវិធីតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ និងបង្កើនឱកាសការងារ។ ចំណែកអ្នកមានបំណងទៅធ្វើការនៅក្រៅប្រទេស ត្រូវបានណែនាំឱ្យជ្រើសរើសទីផ្សារការងារដែលមានស្តង់ដានិងលក្ខខណ្ឌល្អ ដូចជា ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី និងប្រើប្រាស់មធ្យោបាយស្របច្បាប់។
ក្នុងឱកាសនេះដែរ ឯកឧត្តម យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន និងអតីតពលករឱ្យចាប់យកឱកាសការងារស្របច្បាប់ក្នុងមូលដ្ឋាន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ អត្ថប្រយោជន៍តាមច្បាប់ និងការគាំពារពី ប.ស.ស. ព្រមទាំងអាចរស់នៅជិតក្រុមគ្រួសារ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកស្វែងរកការងារឈ្វេងយល់ពីលក្ខខណ្ឌការងារ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ មុនសម្រេចចិត្តចូលបម្រើការងារ និងយកជំនាញ បទពិសោធពីការងារនៅក្រៅប្រទេសមកប្រើប្រាស់ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
សូមបញ្ជាក់ថា ឱកាសការងារចំនួន ២ ៤០០កន្លែង ក្នុងវេទិកានេះ ត្រូវបានផ្តល់ដោយ ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស្ព័រតិច អ៊ិនឌឹសស្រ្ទីយ៍, ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេ អឹម ខេ ។ សម្រាប់ព័ត៌មានអំពីឱកាសការងារ ប្រជាពលរដ្ឋអាចទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ និងសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស. អាចទាក់ទងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងជ្រើសរើសការងារសមស្របនឹងជំនាញ សមត្ថភាព និងគោលដៅរបស់ខ្លួន៕
























