ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជនឱ្យកាន់តែទូលំទូលាយ

ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជនឱ្យកាន់តែទូលំទូលាយ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួង និងក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ/ម្ហូបអាហារឈានមុខគេនៅកម្ពុជាចំនួន ៦ ស្តីពី “ការលើកកម្ពស់ព័ត៌មានទីផ្សារការងារ និងសេវាការងារ” នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
គំនិតផ្តួចផ្តើមចុះ MoU ជាមួយក្រុមហ៊ុន (ហ្គ្រេប) ខេមបូឌា ឯ.ក, ក្រុមហ៊ុន អិមវីអិល តាដា (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន LM Car Co., Ltd., ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក, ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងទិសដៅលើកកម្ពស់ការផ្សព្វផ្សាយ និងសម្រួលដល់ការផ្តល់ព័ត៌មានការងារ និងសេវាការងារ រួមទាំងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១២៩៧ ព្រមទាំងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងការងារ និងការអភិវឌ្ឍជំនាញ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង ៦ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវការបង្កើតកិច្ចសហការរួមគ្នានាពេលនេះ ដែលកើតចេញពីទំនាក់ទំនងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តមមានប្រសាសន៍ថា ការបង្កើតភាពជាដៃគូនេះ គឺជាកិត្តិយស និងការបើកទំព័រថ្មីនៃកិច្ចសហការជាផ្លូវការជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូន សេវាផ្គត់ផ្គង់ទំនិញផ្សេងៗរបស់ក្រុមហ៊ុនកាន់តែរលូន ព្រមទាំងផ្ដល់ឱកាសឱ្យក្រសួងពង្រីកការផ្សព្វផ្សាយសេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់យុវជន អតីតពលករ និងប្រជាពលរដ្ឋទូទៅផងដែរ។
លើសពីនេះ ការចុះ MoU នេះ ក៏ជាការវិនិយោគសង្គមបែបយុទ្ធសាស្ត្រមួយ ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាលើកកម្ពស់យន្តការផ្តល់សេវាការងារ ព័ត៌មានទីផ្សារការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍទីផ្សារការងារ និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។ ទន្ទឹមនេះ បុគ្គលិកក្រុមហ៊ុន និងអ្នកបើកបរក៏មានឱកាសចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លានដោយឥតគិតថ្លៃ និងមានភាពបត់បែន ជាពិសេសបងប្អូនអ្នករត់ម៉ូតូកង់បី។ ពួកគាត់អាចយកម៉ូតូទៅកែច្នៃដាក់សម្ភារៈជួសជុលគ្រឿងអគ្គិសនី បរិក្ខារត្រជាក់ និងជណ្តើរយន្តជាដើម ដើម្បីរកចំណូលបន្ថែម។
ខណៈពេលដែលការប្រកបមុខរបរនេះជាវិស័យថ្មីនៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនទាំង ៦ ឬក្រុមហ៊ុនផ្សេងៗទៀតពិចារណាក្នុងការចងក្រងជាសមាគមរួមសំឡេងតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម កំណត់ក្របខ័ណ្ឌក្នុងការប្រកបអាជីវកម្ម និងទំហំទីផ្សារ ក៏ដូចជាសម្រាប់លើកជាសំណូមពររួមដាក់ជូនក្រសួងពាក់ព័ន្ធក្នុងការការពារផលប្រយោជន៍រួម។ ឯកឧត្តមបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងដំណើរការយ៉ាងរលូន ហើយឯកឧត្តមត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្របន្ថែម ដើម្បីឱ្យទទួលបានជោគជ័យក្នុងការអនុវត្ត៕