ភ្នំពេញ៖ក្រុមហ៊ុន Five B grand park land បានសម្ភោធគម្រោងថ្មី វិនិយោគនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៩នេះ ។
លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន ទើបជំរុញឲ្យក្រុមហ៊ុនលោកហ៊ានបោះទុនវិនិយោគនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នេះជាគម្រោងទីមួយនៅ លើផ្ទៃដីប្រមាណ ៥ហិកតា ដោយរៀបចំដីមាន ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់លក់ជូនប្រជាពលរដ្ឋសង់លំនៅឋាន។
លោកបានមានប្រសាសន៍ទៀតថា ការអភិវឌ្ឍនៅតំបន់ត្រពាំងផ្លុងនេះ ជាតំបន់ដែលមានសក្តានុពល គម្រោងបន្ទាប់ទៀត ក្រុមហ៊ុននឹងសង់ផ្ទះសម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជាដែលមានតម្រូវការហើយអ្វីដែលពិសេសនោះ ទឹកដីខេត្តនេះ មានអ្នកវិនិយោគិនជាជនចិនយ៉ាងច្រើនកំពុងតែរកស៊ីនៅតំបន់នេះផងដែរ។
លោកអគ្គនាយកបានចាត់ទុកថា កត្តាសន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានផ្តល់ឱកាសកាន់តែច្រើនដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។ ដូច្នោះ ក្នុងនាមជាអ្នកវិនិយោគលោកជំរុញឲ្យអ្នករកស៊ីនៅកម្ពុជាសម្លឹងមើលពីឱកាសទាំងអស់នេះ ដើម្បីរួមចំណែកនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនចំនួន ៤ ដែលកំពុងអភិវឌ្ឍដីឡូតិ៍ និងអភិវឌ្ឍលំនៅឋាននៅតំបន់នេះ ដើមឡើយតំបន់នេះមិនមានការអភិវឌ្ឍនោះទេ ទើបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ផ្តើមមានក្រុមហ៊ុនផ្នែកអចលនទ្រព្យមានការចាប់អារម្មណ៍ខ្លាំងដូចជា ក្រុមហ៊ុន Five B grand park land ជាដើមដែលជាក្រុមហ៊ុនមួយបង្កើតឡើងដោយកូនខ្មែរពិតៗ។
អ្នកវិនិយោគផ្នែកអចលនទ្រព្យបានសម្តែងនូវសុទិដ្ឋិនិយមថា នៅពេលខាងមុខដ៏ឆាប់ ភូមិសាស្រ្តនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនេះ នឹងមានការអភិវឌ្ឍលឿន ដូច ខេត្តព្រះសីហនុ និងក្រុងបាវិត ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនចិនកំពុងតែចាប់អារម្មណ៍ និងអភិវឌ្ឍតំបន់នេះ ៕