ពិធីប្រគល់គោរមងារនេះ បានរៀបចំធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-37) ក្រោមវត្តមានលោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៉ី នៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្មអាស៊ានគោរព ប្រគល់ជូនលោកបណ្ឌិត អ៊ិត សំហេង នាពេលនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជានាពេលកន្លងមក ហើយក៏ជាឥស្សរជនជាន់ខ្ពស់ដែលបានជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជា។
ចំណែកលោកប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏ទទួលបាន គោរមងារ «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» នេះផងដែរ៕