ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដល់សាធារណជនឲ្យដឹងថា ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ឆ្នាំ២០១៩ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ ។
សេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ប្រចាំសប្តាហ៍ ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប ( ITCZ ) បន្តអូសបន្លាយលើប្រទេសកម្ពុជាយើង និងចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា នឹងរំកិលឡើងទៅលើ កាត់លើភាគខាងជើងប្រទេសកម្ពុជាយើង។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស៖
១-បណ្តាខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរ ទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។
២-នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង។ ដូច្នេះសូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ៕