ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ជួបអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញជួបពិភាក្សាការងារសហប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ។

លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបានឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឲ្យកោតសរសើរជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះ។ នេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។ ក្នុងនាមធនាគារពិភពលោក លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបាន។

លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លងមកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួយនឹងសហគមន៍ផ្សេងៗ ដែលសហគមន៍ទាំងនោះ ប្រជាពលរដ្ឋដែលទទួលបាន ដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលហើយ គឺបានទទួលនៅធ្វើការដាំដុះបានលទ្ធផលជាទីគាប់ចិត្ត ជាទីមោទនៈ។ ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថាដីសង្គមកិច្ចដែលរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋ ធ្វើការដាំដុះដំណាំកសិកម្មដែលបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើឡើង ដែលកូនចៅពួកគេទទួលបាននូវការអប់រំ និងសេវាសុខភាពប្រកមបដោយគុណភាពផងដែរ។

លោកស្រី Victoria Kwakwa បាលលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចប្រមុខដឹកនាំ។ ទន្ទឹមនឹងនេះ លោកស្រីក៏បាន លើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះគឺការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។ ជាពិសេស លោកស្រី Victoria Kwakwa បានមានប្រសាសន៍ថា បន្ទាប់ពីការវិលត្រឡប់របស់ធនាគារពិភពលោកមកកម្ពុជាពេលនេះបង្ហាញជាដៃគូដ៏ល្អប្រកបដោយជំនឿជឿជាក់ និងគ្នាទៅវិញទៅមក ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមានជំនឿក្នុងការចាប់ដៃគូជាមួយកម្ពុជាជំរុញការកសាងប្រទេសជាតិអោយរីកចម្រើនទៅមុខ។ សម្តេចតេជោ បានជម្រាបជូនលោកស្រីថានៅកម្ពុជាការផ្តល់ដីសម្បទានសង្គមកិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ រយៈពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនទៀតទេ ហើយក៏បានកាត់យកមកវិញ នូវដីសម្បទានសេដ្ឋកិច្ចណា ដែលក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬក៏មិនមិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ ដីសម្បាទានសេដ្ឋកិច្ចមួយចំនួនក៏បានបែងចែកផ្តល់ជូនទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីប្រើប្រាស់ សម្រាប់បង្កបង្កើនផលដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដីសម្បទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះសម្តេចតេជោ ក៏បានលើកទឹកចិត្តនិងជំរុញឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ទទួលបាននៅការដាំដុះនឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារឲ្យបានល្អប្រសើរ។

ធនាគារពិភពលោក នឹងជួយដល់ការកើនឡើងនៃគម្របព្រៃឈើឡើងវិញនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានលើកឡើងអំពីតម្រូវការធនធានមនុស្សនៅក្នុងប្រទេស។ សម្តេចតេជោបានស្នើសុំធនាគារពិភពលោក ពិនិត្យបន្តសហការ ជួយដល់កម្ពុជាលើធនធានការអភិវឌ្ឍធនធានមនុស្ស។ នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ក៏បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។

ការពិភាក្សា លោកស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិច្ចសហការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបលគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕