ប្រព័ន្ធផ្សព្វផ្សាយ Nikkei Business Daily បានចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) កំពុងពិចារណាពីគម្រោងបញ្ជូនកងកម្លាំងឆ្មាំសមុទ្ររបស់ខ្លួន ប្រមាណ២៧០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលដៅការពារនាវាពាណិជ្ជកម្មរបស់ខ្លួន ។
ប្រភពដដែលបានបន្តថា ការសម្រេចចិត្តរបស់លោក អាបេ គឺនឹងបញ្ជូនកងកម្លាំងឆ្មាំសមុទ្រទាំងអស់ ២៧០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ានៅខែមករា ឆ្នាំ២០២០ខាងមុខ ដោយចូលរួមជាមួយកងទ័ពរបស់ប្រទេសអារ៉ាប៊ី សាអូឌីត និងអារ៉ាប់រួមជាដើម ។
គម្រោងរបស់ជប៉ុនត្រូវបានបង្ហាញក្រោយពីលោក អាបាស់ អារ៉ាកជី (Abbas Araghchi) អនុរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ បានរិះគន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំសហរដ្ឋអាមេរិក ក្នុងការរួមសហការជាមួយប្រទេសសម្ព័ន្ធមិត្ត ដើម្បីពង្រឹងសមត្ថភាព កងកម្លាំងយោធា នៅតំបន់ជិតប្រទេសអ៊ីរ៉ង់ ៕