ទីភ្នាក់ងារព័ត៌មាន RIA បានចុះផ្សាយថា រុស្ស៊ីបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងនៅថ្ងៃសុក្រ ទី១៣ ខែធ្នូនេះ ចំពោះការបាញ់ សាកល្បងមីស៊ីលបាលីស្ទិក ថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញានុយក្លេអ៊ែរកម្លាំងមធ្យម (Intermediat-range nuclear Forces Treaty) ដែលហៅកាត់ថា INF រវាងរុស្ស៊ី និងអាមេរិក ។
លោក វ៉្លាឌីមៀរ អឺម៉ាកូ (Vladimir Ermakov) ប្រធានផ្នែកគ្រប់គ្រង និងមិនសាយភាយអាវុធរបស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រុស្ស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសាកល្បងមីស៊ីលប្រភេទថ្មីនេះ ហើយលោកនឹងកត់ត្រាទុកនូវសកម្មភាពបំពាន់កសន្ធិសញ្ញា INF ពីសហរដ្ឋអាមេរិក ។
រុស្ស៊ីបានបង្ហាញក្តីបារម្ភ ក្រោយពីអាមេរិកបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មី កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូដដែល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨៧កន្លងទៅ ៕