លោក មិន សុខុន (ឲ្យមារ្យ) អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានសរសេរលិខិតផ្លូវការមួយកាលពីខែគុម្ភៈឆ្នាំ២០១៩ ដោយលោកស្នើទៅ លោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ ដែលធ្លាប់បម្រើការងារអស់រយៈពេល២១ឆ្នាំកន្លងទៅ។
អតីតមន្រ្តីធនាគារជាតិនៃកម្ពុជា លោក មិន សុខុន បាននិយាយនៅក្នុងលិខិតរបស់ខ្លួនចុះថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៩ ដោយលោកបញ្ជាក់ថា«ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពនិងជម្រាបជូន ឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ខ្ញុំបានបម្រើការងារក្នុងអង្គភាពធនាគារជាតិនៃកម្ពុជាអស់រយៈពេល២១ ឆ្នាំផុតទៅ ដែលមិនបានទទួលប្រាក់ឧបត្ថម្ភពីធនាគារជាតិបាននៅឡើយទេ»។
លោក មិន សុខុន បានអះអាងទៀតថា« រហូតមកដល់ពេលនេះ ខ្ញុំបាទបានធ្វើលិខិតជូនឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជាច្រើនមកហើយ ប៉ុន្តែឯកឧត្តមមិនបានឆ្លើយតបពីសំណើររបស់ខ្ញុំបាទនៅឡើយ ដូច្នោះក្នុងនាមខ្ញុំ ជាអតីតកម្មាភិបាលមួយរូបនៅសម័យរដ្ឋកម្ពុជា ខ្ញុំតែងតែយកចិត្តទុកដាក់ និងជឿជាក់លើថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាទាំងស្រុង បន្ទាប់មកខ្ញុំត្រូវបានធនាគារជាតិនៃកម្ពុជាតែងតាំងមុខតំណែងនិងតួនាទីក្នុងក្របខណ្ឌការងារដ្ឋជាបន្តបន្ទាប់»។
លោកបានបន្ថែមថា ដើម្បីមានភាពជឿជាក់និងច្បាស់លាស់ក្នុងការបម្រើការងារនោះ សូមឯកឧត្កម មេត្តាអនុញ្ញាតិជួបដោយផ្ទាល់នៅពេលវេលាណាមួយ តាមការកំណត់របស់ ឯកឧត្តមអគ្គទេសាភិបាននៃធនាគារជាតិកម្ពុជា ។ ហេតុដូច្នោះសូម ឯកឧត្តមមេត្តាពិនិត្យនិងសម្រួលប្រាក់បៀវត្តចំនួន ២១ឆ្នាំឲ្យខ្ញុំបាទតាមការគួរ។
តាមរយៈ ការស្នើសុំរបស់អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាខាងលើនេះ«សារព័ត៌មាន ដេលីខ្មែរ »មិនអាចសុំការពន្យល់ពី លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាបាននៅឡើយទេ។ ប៉ុន្តែនៅថ្ងៃទី ២៧ខែធ្នូនេះ ដេលីខ្មែរ បានសម្ភាសតាម ទូរស័ព្ទទៅ លោកស្រី ជា សេរី ដែលជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិ ដោយអ្នកទទួលឆ្លើយថា« នឹងលើកសំណើរនេះជូនទៅថ្នាក់ដឹកនាំបានជ្រាបពីរឿងនេះ»។
ទោះយ៉ាងក្នុងលិខិតផ្លូវការរបស់ លោក មិន សុខុន (ឲ្យមារ្យ)នេះ គឺត្រឹមស្នើសុំទៅ លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា ដើម្បីដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ ដែលលោកធ្លាប់បានបម្រើការងារត្រឹម ២១ឆ្នាំតែប៉ុណ្ណោះ។