ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការជាតិ​ថា៖ ការកាប់ឈើ​ និងដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ មានភាពស្ងប់ស្ងាត់​

ភ្នំពេញ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ។ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាម​រូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈ​កម្មការជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់​យក​ឈើ​ចម្រុះបាន៩,២១៥,៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១​គ្រឿង ព្រម​ជាមួយគ្នានោះ ក្រុមការងារបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា ឈើដែលចាប់បាន គណៈកម្មការជាតិកំពុងថែរក្សាមិនឱ្យបាត់ ឬ​ឆេះ​ដោយ​ប្រការ​ណា​មួយ​ឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។

ជាមួយគ្នានេះ គណៈ​កម្មការ​ជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធា​រណៈ ដើម្បី​ឱ្យ​បុគ្គល​គ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុង​ន័យ​ឱ្យ​ជៀស ​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និង​ពិភព​លោក​ទាំងមូល៕