សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៥គុម្ភៈនេះ ដោយសម្តេចប្រកាសថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ ហើយវត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។
សម្តេចតេជោមានប្រសាសន៍ទៀតថា«សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ ហើយ កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយជោគវាសនារួមគ្នា»។
សម្តេចតេជោមានប្រសាសន៍ថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភពលោក ហើយ សម្តេចតេជោបានស្នើរដ្ឋាភិបាលចិនបន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជាជាពិសេសរោងចក្ររបស់ចិននៅកម្ពុជាឱ្យបន្តដំណើរការដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។
សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យមានការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែនក៏បានស្នើប្រធានាធិបតីចិនពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជានៅក្នុងប្រទេសចិន។
លើសពីនេះ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោបានស្នើឱ្យបង្កើនល្បឿនចរចាទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ ចិនតែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពាណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។ នៅខែមីនា ខាងមុខនេះ សម្តេចនឹងសម្ពោធផ្លូវដែលមានប្រវែងជាង ៣០០គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោមកម្ចីរបស់ចិន។
សម្តេចបានគូសបញ្ជាក់ថា កន្លងមកនេះ គឺកម្ពុជាបានបិទជាស្ថាពរនូវល្បែងភ្នាល់តាមអនឡាញ ក្នុងគោលដៅពង្រឹងសន្តិសុខ លុបបំបាត់ឧក្រិដ្ឋកម្មមួយចំនួននៅកម្ពុជា ហើយក៏អាចជួយដល់ប្រទេសចិនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធានាធិបតីចិន និងប្រជាពលរដ្ឋចិន ដែលតែងតែគាំទ្រប្រទេសកម្ពុជា។ កម្ពុជា គឺជាមិត្តដ៏ស្មោះត្រង់របស់ប្រជាជនចិន ហើយនឹងបន្តជោគវាសនាតែមួយជាមួយគ្នា។
សម្រាប់ប្រធានាធិបតី បានថ្លែងថា លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។
លោកប្រធានាធិបតីលើកឡើងថា កម្ពុជា ជាមិត្តស្មោះត្រង់របស់ចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន ឯកឧត្តមពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។
លោកប្រធានាធិបតីចិនថ្លែងថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។
លើសពីនេះលោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។
ប្រធានាធិបតី បានគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។
លោកប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញដែលបង្ហាញការសរសើរដោយស្មោះចំពោះកម្ពុជាក្នុងការចាត់វិធានការនេះ។
ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។
លោកប្រធានាធិបតីស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច ហើយស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។