សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាពនៅរសៀលថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
លោក ប៊ុនញ៉ាំង វរជីត បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ជារៀងដរាបមក កម្ពុជា និងឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្តដែលបានជួយគ្នាទៅវិញទៅមក ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំងពីរជាប្រទេសភូមិផងរបងតែមួយ ជាប្រទេសជិតខាងដ៏ល្អ ហើយក៏ជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញទៅមកកាន់តែកើនឡើងល្អជាងនេះទៀតក៏មានសុវត្ថិភាពល្អផងដែរនៅតាមព្រំដែន។
លោក ប៊ុនញ៉ាំង វរជីត មានប្រសាសន៍ថា កន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរបានលើកកម្ពស់លើកទំនាក់ទំនងប្រទេសទាំងពីរឲ្យទៅជាទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលយូអន្លាយ និងបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធនិងកាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះបានមកកម្ពុជា ហើយបានសង្កេតឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុត ចំពោះប្រជាពលរដ្ឋកម្ពុជាវិញ ក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ។
ប្រធានរដ្ឋនៃសាធារណរដ្ឋបានលើកឡើងថា លោកបានចូលគាល់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ហើយក៏បានជួប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពនិង បានវាយតម្លៃខ្ពស់អំពីទំនងល្អរវាងប្រទេសទាំងពីរដែលបានលើកឡើងដោយ លោកប្រធានរដ្ឋហើយសម្ដេចតេជោ បានលើកទឹកចិត្តធ្វើយ៉ាងណាយើងគម្បីជំរុញឲ្យទំនាក់ទំនងល្អនេះកាន់តែស៊ីជម្រៅថែមទៀត ស្របតាមអ្វីដែលយើងបានចុះហត្ថលេខាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង។
ជាងនេះទៅទៀត សម្ដេចតេជោបានមានប្រសាសន៍ថា គប្បីណាតាមព្រំដែនអាជ្ញាធរដែនដីទាំងសងខាងដែលបានដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមានកម្មវិធីកីឡារួមគ្នាផង ដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនេះឈានដល់ការដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។
ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាមិនត្រឹមតែអាជ្ញាធរដែនដីទេ ក័ងទ័ពនៃប្រទេសយើងទាំងពីរក៏គប្បីដែលជំរុញទំនាក់ទំនង់ឲ្យបានកាន់តែជិតស្និតផងដែរ ព្រោះកាលណាមានភាពជិតស្និតហើយទោះបីមានរឿងអ្វីក៏អាចដោះស្រាយ និងពិភាក្សាគ្នាបានដែរ។