ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្ម៖ រៀបចំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ៖ ទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពីការ “ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ។ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពដែលក្រុមការងារសម្រេចបានកន្លងមកមានដូចជា៖

១. បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ពន្ធ័ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។

២. បានរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការធ្វើវិសហមជ្ឈការផ្ទេរតាមបែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅថ្នាក់ក្រោមជាតិ។

៣. បានរៀបចំសម្របសម្រួល និងធ្វើបច្ចុប្បន្នភាពលើមុខងារសេវារដ្ឋបាល (វិស័យកសិកម្ម) បែបបទ ទម្រង់ពាក្យស្នើសុំ នីតិវិធី លក្ខខណ្ឌភ្ជាប់នានា បញ្ជីមុខងារបឋមលើវិស័យកសិកម្មឱ្យមានភាពសាមញ្ញ សម្រាប់ផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

៤. បានរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធស្តីពីការធ្វើវិមជ្ឈការផ្ទេរតាមបែបប្រគល់នូវធនធានរួមមាន (មនុស្ស ថវិកា ទ្រព្យសម្បត្តិ) ភ្ជាប់ដោយមុខងារ និងបែបប្រគល់ភាពជាម្ចាស់ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ដើម្បីតម្រង់ទិសដៅអនុវត្តតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្ត ។

កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺមានគោលដៅបង្កើតប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅឆ្លើយតបនឹងសេចក្តីត្រូវ ការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕