គណៈកម្មការសហភាពអឺរ៉ុប (Euroean Commision) ដែលហៅកាត់ថា EC បានផ្តល់ថវិកាប្រមាណ ១១៤លានអឺរ៉ូ ស្មើនឹង១២៤លានដុល្លារអាមេរិក ដល់អង្គការសុខភាពពិភពលោក WHO នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ ក្នុងគម្រោងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមខូវីដ-១៩នៅជុំវិញពិភពលោក ។
ការផ្តល់ជំនួយពីសហភាពអឺរ៉ុបដល់អង្គការ WHO ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩បានកើនឡើងដល់៨០០៩៦នាក់ហើយនៅជុំវិញពិភពលោក មនុស្សចំនួន២៦៩៩នាក់បានបាត់បង់ជីវិតដោយវីរុសនេះ និងអ្នកជម្ងឺចំនួន២៧៤៤៤នាក់ផ្សេងទៀតបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។
សូមបញ្ជាក់ជូនថា ប្រាក់ជំនួយចំនួន១១៤លានអឺរ៉ូរបស់សហភាពអឺរ៉ុប គឺជាផ្នែកមួយនៃទឹកប្រាក់ប្រមាណ២៣២លានផោន ដែលសហភាពមួយនេះនឹងផ្តល់ជាមូលនិធិដោយផ្ទាល់ដល់ក្រុមអាជ្ញាធរសុខភាពនៅតំបន់អាហ្វ្រិក ខណៈដែលវីរុសនេះបានស្ងប់ស្ងាត់ក្នុងការឆ្លងរាលដាលនៅប្រទេសចិន ប៉ុន្តែឆ្លងរាលដាលខ្លាំងនៅក្រៅប្រទេសចិន ៕