ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឺង នាំយកអំណោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​​កម្ពុជាថ្មីៗនេះបាននាំយកអំណោយរបស់​​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យកទៅផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើងស្ថាបនាផ្លូវលំ ១ខែ្ស ប្រវែង ៧០០០ម៉ែត្រ ស្ថិតឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧកញ៉ាថ្លែងថា« អំណោយនេះគឺ ក្នុងគោលបំណងសំខាន់ ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់»។
លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ទៀតថា សូមអំណរគុណ និងសូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋា​ភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំ​ណោយដ៏ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រ និងទទឹង ៧តភ្ជាប់ទៅផ្លូវជាតិលេខ ៨នៅក្នុង​ឃុំ ទងត្រឡាច យើងនេះ។


លើសពីនេះឧកញ៉ាបញ្ជាក់ថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួច មិនត្រឹមជួយសំរួលការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺវានឹងធ្វើឲ្យដី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់នេះមានតម្លៃ ពិសេសដី និងលំនៅដ្ឋានប្រជាពលរដ្ឋដែលនៅអមសង្ខាងផ្លូវ។
លោកឧកញ៉ាបានបន្ថែមថា តាមរយៈការចារឹកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូបមានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។


លោកឧកញ៉ា ឡូវ ហ៊ឹង បានប្រគល់ថវិកា ២០០០ដុល្លារ សម្រាប់ការកសាងសាលាបឋមសិក្សាខ្ទឹង ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមថវិកាមួយចំនួន ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ដល់គ្រួសារមានជំងឺចំនួន ២គ្រួសារ ឧបត្ថម្ភថវិកាមួយចំនួន ដល់កងវិស្វកម្មស្ថាបនាផ្លូវ និងគ្រឿងឧបភោគ បរិភោគ និងភេសជ្ជះផ្សេងៗទៀត ដែលជាអំណោយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៕