នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាបកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងក្នុងពិធីបើកព្រឹត្តិការណ៍ “ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០”ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។
ព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០នេះ ជាវេទិការធុរកិច្ចទេសចរណ៍អន្តរជាតិដែលមានការចូលរួមពីគណៈប្រតិភូជាអ្នកទិញ ចំនួន ៤០ក្រុមហ៊ុន អ្នកលក់ចំនួន ៣១ក្រុមហ៊ុន សារពត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសក្នុងតំបន់ អាស៊ានចំនួន ៦ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ព្រមទាំងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងប្រតិបត្តិករទេសចរណ៍ក្នុងស្រុកជាច្រើននាក់ទៀតផងដែរ។
ព្រឹត្តិការណ៍នេះមានសារ:សំខាន់ក្នុងការជំរុញចលនា និងពង្រឹងទំនាក់ទំនងធុរកិច្ចទេសចរណ៍ ព្រមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់លំហូរនៃការធ្វើដំណើរពីតំបន់អាស៊ានមកកម្ពុជាក្នុងពេលដែលពិភពលោកទាំងមូលកំពុងជួបវិបត្តិនៃការឆ្លងជំងឺកូរូណា (Covid-19) និងជះឥទ្ធិពលលើវិស័យទេសចរណ៍សកលលោក តំបន់ និងកម្ពុជាផងដែរ។
ឆ្លើយតបនឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការ ០៧ចំនុច ដើម្បីជួយគាំទ្រវិស័យទេសចរណ៍ និងគ្រប់គ្រងស្ថានការណ៍នៃជំងឺផ្លូវដង្ហើមនេះបានយ៉ាងល្អ ដូច្នេះព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងសូមអញ្ជើញទេសចរអន្តរជាតិទាំងអស់មកទស្សនាកម្ពុជាដូចធម្មតា។
ជាងនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនដូចជា ASEM13 ឆ្នាំ២០២០ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF 2021), និង Sea Games ឆ្នាំ២០២៣ជាដើម៕