លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»នៅថ្ងៃទី៥ ខែមិនានេះថា តាមពិតមែនទែនទៅខូវីដ ១៩នេះ វាប៉ះពាល់ដល់សេដ្ឋកិច្ចសកលផ្ទាល់តែម្តង ហើយក៏ប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយើងដែរ ។ ដូច្នោះអ្វីដែលជាការកត់សម្គាល់យើងឃើញហើយការរង្គោះរង្គើរសែសង្វាក់ផ្គត់ផ្គង់នេះបានធ្វើឲ្យការប្រើប្រាស់និងការផលិតធ្លាក់ចុះ ដោយសារតែតម្រូវការចេះតែមាន ប៉ុន្តែការផ្គត់ផ្គង់មានការលំបាកផងដែរ។
លោកបណ្ឌិតបន្ថែមទៀតថា« តាមពិតទៅវិស័យសំខាន់ៗមួយចំនួនរបស់សេដ្ឋកិច្ចយើងមានផលប៉ះពាល់មានដូចជា វិស័យកាត់ដេរ វិស័យទេសចរ ហើយក៏ប៉ះពាល់ដល់ការប្រមូលចំណូលរបស់យើងដែរ ។ ប៉ុន្តែខ្ញុំចង់ជំរាបពីវិធានការអទិភាពទី១ ដែលនឹងសម្រួលឲ្យបានជាអតិបរមា ដូច្នោះការងារនេះ ខាងអគ្គនាយកដ្ឋានគយក៏បានប្រជុំ ដើម្បីរិះរកមធ្យោបាយជួយលើការគៀងគរចំណូលកុំឲ្យធ្លាក់ចុះនាពេលខាងមុខ។
សម្រាប់ខែមករា និងខែគុម្ភៈ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានគយប្រមូលចំណូលមានការធ្លាក់ចុះនៅខែគុម្ភៈនេះ ដោយសារតែមានការប៉ះពាល់ខ្លាំងរឿងទេសចរផង និងរឿងកូវីដ ១៩ ផង ធ្វើឲ្យការប្រមូលចំណូលក្នុងខែគុម្ភៈមិនបានតាមផែនការគ្រោងទុក។
តាមផែនការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ដោយយោងតាមគោលការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឆ្នាំ២០២០ ត្រូវប្រមូលចំណូលឲ្យបានជាង ២៩០០ លានដុល្លារអាមេរិក គិតជាមធ្យមប្រចាំខែជិត ២៥០ លានដុល្លារអាមេរិកផងដែរ។
តាមផែនការប្រមូលចំណូលនៅខែគុម្ភៈនេះបានត្រឹមជិត ២៣០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារតែមានបញ្ហាប្រឈមធំៗចំនួន ៣ គឺទី១ ពិធីចូលឆ្នាំចិននិងវៀតណាម ចុងខែ មករា ឆ្នាំ២០២០នេះ បានអូសបន្លាយយូរ ។ ទន្ទឹមនេះ មានជំងឺកូវ៉េត ១៩ ផ្ទុះមកទៀតធ្វើឲ្យប្រជាជនឈប់បន្តទៀត និងចំណុចទី៣ នៅខែគុម្ភៈនេះ ដាច់ខែត្រឹមថ្ងៃទី២៩តែម្តង។