(សៀមរាប)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជក់នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ ក្នុងចំណោម៣នាក់ ធ្វើការជាមួយជនជាតិជប៉ុន រកឃើញមានផ្ទុកមេរោគកូរ៉ូណា Covid-19 ១៩នោះទេ។
សូមរំឭកថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលជប៉ុន បានប្រកាសថា បុរសជនជាតិជប៉ុនម្នាក់ អាយុខ្ទង់៤០ឆ្នាំ ត្រូវបានរកឃើញមានផ្ទុកមេរោគកូរ៉ូណា ឬខូវីត១៩ បន្ទាប់ពីបុរសអ្នកជំនួញនោះ ធ្វើដំណើរទៅដល់ព្រលានយន្តហោះ នៅទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។
បុរសជប៉ុននោះ បានចាកចេញពីខេត្តសៀមរាប កាលពីយប់ថ្ងៃទី០៣ ខែមីនា ដោយធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម បន្ទាប់ពីបានចូលមកខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕