ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋសួរលោក ស៊ឹម ស៊ីថា «ហេតុអ្វីខ្វះទឹក… អត់ចេញទឹក?»

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ រាជាធានីភ្នំពេញ នៅថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញប្រតិកម្មនៅពេលឃើញមន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ២នាក់ មកប្រាប់ពួកគាត់ឲ្យបង់ថ្លៃទឹក ដែលមិនទាន់បានបង់។

អ្វីដែលប្រជាពលរដ្ឋប្រតិកម្ម មិនមែនចំពោះតម្លៃទឹកទេ គឺបញ្ហាពួកគាត់គ្មានទឹកប្រើប្រាស់ ប៉ុន្តែមន្ត្រីទឹកមកសង្កត់កគាត់ឲ្យបង់ថ្លៃទឹក ទោះជាគ្មានទឹកឲ្យពួកគាត់ប្រើប្រាស់ក៏ដោយ។

បុរសម្នាក់វ័យប្រហែល៥០ឆ្នាំ រស់នៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញស្លៀកក្រមារងចាំទឹកហូរចេញពីទុយោ ដើម្បីងូតទឹកក្នុងវេលាក៏ក្តៅហួតហែង ប៉ុន្តែគ្មានទឹកសោះ សូម្បីតែមួយតំណក់។ ស្របពេលកំពុងក្តៅក្រហាយនឹងបញ្ហាទឹកអត់ចេញនេះ មន្ត្រីទឹក២នាក់បានមកដល់ ហើយស្រែកសួរថា «បង់ទឹកហើយនៅ?»។

«មានទឹកឯណាត្រូវបង់ បើគ្មានទឹកមួយតំណក់ផងហ្នឹង។ អញ្ជើញមើលទុយោមើល៍ តើមានឃើញទឹកឬអត់» បុរសម្ចាស់ផ្ទះសួរតបវិញ។

មន្ត្រីទឹក២នាក់នេះ ជិះម៉ូតូ២គ្រឿង ម្នាក់ជាអ្នកកត់កុងទ័រទឹក ចំណែកម្នាក់ទៀត គឺជាអ្នកបិទកុងទ័រ ក្នុងករណីម្ចាស់ផ្ទះបងលុយថ្លៃទឹកយឺត សូម្បីតែយឺតមួយថ្ងៃ ក៏ពួកគេបិទវ៉ានផ្តាច់ទឹនដែរ។ ប៉ុន្តែនៅរសៀលថ្ងៃនេះ ពួកគេមិនបានបិទទេ ព្រោះគ្មានទឹកសម្រាប់បិទ។

ម្ចាស់ផ្ទះបាននិយាយប្រាប់មន្ត្រីទឹកទាំង២នាក់នេះថា «ទោះបីជាប្អូនឯងមិនបិទ ក៏គ្មានទឹកដែរ។ បិទកុំឲ្យខ្យល់ចូលទុយោ ទើបត្រូវ»។

សូមបញ្ជាក់ថា ករណីអ្នកភូមិស្ពានខ្ពស់ ខ្វះទឹកប្រើប្រាស់នេះ គឺមិនមែនកើតឡើងតែនៅក្នុងឆ្នាំ២០២០នេះទេ សូម្បីតេកាលពីឆ្នាំ២០១៩ ក៏ខ្វះទឹកប្រើដែរ ជាពិសេសនៅក្នុងរដូវប្រាំងតែម្តង គឺចាប់ពីមករា រហូតដល់ខែមិថុនា។

នៅពេលពលរដ្ឋសួរមន្ត្រីទឹកទាំង២នាក់នេះថា ហេតុអ្វីបានជាខ្វះទឹក មន្ត្រីទឹកម្នាក់និយាយថា «ខ្ញុំមិនមែនអ្នកជំនាញខាងទឹកទេ។ ខ្ញុំគ្រាន់តែមកប្រាប់ឲ្យទៅបង់លុយ។ ចង់ដឹងសួរមេខាងលើទៅ។ ខ្ញុំមិនដឹងទេ»។

អ្នកភូមិស្ពាន់ខ្ពស់បានលើកជាសំណួរថា ហេតុអ្វីបានជាខ្វះទឹកឲ្យប្រជាជនប្រើប្រាស់ ខណៈទឹកទន្លេមេគង្គថ្លាយង់ ហូរចុះទៅសមុទ្រមិនចេះរីងស្ងួត ប៉ុន្តែទុយោរបស់រដ្ឋករទឹកអត់ចេញទឹកទៅវិញ? ៕