ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អឺរ៉ុបបម្រុងទឹកប្រាក់២៥ពាន់លានអឺរ៉ូ សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដោយសារវីរុសខូវីដ-១៩

លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula Von Der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសនៅថ្ងៃពុធ ទី១១ ខែមីនានេះថា អឺរ៉ុបមានគម្រោងរៀបចំមូលនិធិបម្រុងជាទឹកប្រាក់ប្រមាណ២៥ ពាន់លានអឺរ៉ូ សម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចនឹងកើតឡើងដោយសារវីរុសខូវីដ-១៩នៅពេលខាងមុខនេះ ។ នេះបើតាមការចុះផ្សាយរបស់ NHK World Japan ។

លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា ទឹកប្រាក់ទាំង២៥ ពាន់លានអឺរ៉ូនេះ មានគោលដៅជួយដល់ប្រទេសមួយចំនួនដែលជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ មានប្រទេស អ៊ីតាលីជាដើម ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដែលបានឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ គឺប្រទេសអ៊ីតាលីមានចំនួន១០១៤៩ករណី ប្រទេសបារាំង និងអេស្ប៉ាញមានការឆ្លងវីរុសខូវីដ-១៩ប្រមាណជាង១៦០០ករណី ៕