កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញដល់រដ្ឋបាលខេត្តកំពង់ធំត្រូវរៀបចំ «ចលនាប្រលងប្រណាំងសេវាសាធារណៈល្អ» នៅគ្រប់ក្រុង-ស្រុក និងឃុំ-សង្កាត់ ដើម្បីធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោករដ្ឋមន្ត្រី បនាឲ្យដឹងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារនៅឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។
លោក ថោង ខុន មានប្រសាសន៍ថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ថ្នាក់ឃុំ-សង្កាត់ ត្រូវរួមគ្នាបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចល វឹកវរ អសន្តិសុខក្នុងសង្គម ដោយត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យខិតខំគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ។
លោកបានបន្តថា អាជ្ញាធរខេត្តត្រូវដឹកនាំមន្ទីរ-អង្គភាពជំនាញពិនិត្យ និងរៀបចំភ្លើងសញ្ញាចរាចរណ៍ ការរៀបចំដាក់តាំងស្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវសាធារណៈនានាឱ្យមានសណ្តាប់ធ្នាប់ ដោយត្រូវផ្តល់អាទិភាពជាចម្បងដល់ការដាក់តាំងស្លាកសញ្ញាចរាចរណ៍ និងខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ រៀបចំចំណតយានយន្ត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ប្រកប ដោយសុវត្ថិភាព។
លោក ថោង ខុន បានបន្ថែមទៀតថា ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ សំណូមពរ និងបញ្ហាប្រឈម ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានា ដែលរៀបចំឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
បញ្ហាប្រឈមទាំងឡាយណាដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ត ដោយមានកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលា៕