កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ ជួបគ្រោះអាសន្នទាំងយប់ ។ នេះយោងតាមផ្សព្វផ្សាយហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម ។
កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្សារបឹងកុក ស្ថិតនៅក្នុងភូមិទី៧ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១៧គ្រឿង ប្រើទឹកអស់ ចំនួន៣៦សឺទែន និងប្រើប្រាស់កកម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត ។
កម្លាំងផែនសណ្ដាប់ធ្នាប់ អគ្គីភ័យ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។
ប្រតិបត្តិការនេះចំណាយពេលវេលាជាង០២ម៉ោង ហើយគ្រប់គ្រងសភាពការណ៍បានទាំងស្រុង នៅវេលាម៉ោង ០១និង៣៥នាទី ឈានចូលថ្ងៃទី១៤ ខែមិនានេះ ដោយមានការអន្តរាគមន៍ និងរថយន្តចំនួន០៤ ពីស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ផងដែរ។
លោកអភិបាលខេត្តខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះដេីមហេតុដែលអាចបង្កជាគ្រោះអគ្គីភ័យ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធបច្ចេកទេសបណ្តាញខ្សែអគ្គិសនីផងដែរ ។
បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអាចបង្កឲ្យកើតជាចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួតទៀតផង ដូច្នេះបងប្អូនត្រូវមានការត្រៀមបង្ការទប់ស្កាត់ ដើម្បីបញ្ជៀសកុំឲ្យកើតមានដូចករណីខាងលើនេះ។ បើមានដូចករណីនេះកើតឡើង សូមបងប្អូនត្រូវចេះសាមគ្គីភាព និងជួយគ្នា ទៅវិញ ទៅមក។
សូមបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យនេះ ទំហំនៃការខូចខាត និង ដើមហេតុ សមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕