(ព្រះវិហារ)៖ ក្រុមប្រជាពលរដ្ឋដែលតែងតែអាស្រ័យផលពីបឹងធម្មជាតិមួយនេះ បានលើកឡើងថា ដីបឹងធម្មជាតិមួយកន្លែង ដែលជាដីសាធារណៈរបស់រដ្ឋឈ្មោះថា «បឹងសង់តាកឺយ» មានទីតាំងស្ថិតក្នុងភូមិស្រឡៅ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មានក្រុមឈ្មួញកំពុងចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិ ដោយពុំមានឃើញអាជ្ញាធរជំនាញណាចុះទៅពិនិត្យ និងហាមឃាត់នោះទេ។
សូមរំលឹកថា ដីបឹងសាធារណៈខាងលើនេះ ជាបឹងធម្មជាតិតាំងពីដូនតារបស់ប្រជាពលរដ្ឋដែលពួកគាត់មកម្ល៉េះ មិនគួរណាអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញណ្ដែតបណ្តោយឲ្យក្រុមអ្នកមានលុយ ទន្ទ្រានកាន់កាប់យកជាកម្មសិទ្ធិដោយទុច្ចរិតបែបនេះឡើយ។
កន្លងទៅ «បឹងសង់តាកឺយ» មិនត្រឹមតែជាប្រភពទឹកសម្រាប់ពួកគាត់ប្រើប្រាស់នោះទេ ហើយក៏ជាតំបន់ទេសចរណ៍ សម្រាប់ភ្ញៀវទៅលេងកម្សាន្តក្នុងរដូវបុណ្យទានម្តងៗ ។
នៅរដូវវស្សា «បឹងសង់តាកឺយ» គឺជាអាងស្តុកទឹកដ៏សំខាន់ និងធំ ដើម្បីបញ្ចៀស បាននូវគ្រោះទឹកជំនន់ដែលលិចក្រុងព្រះវិហារ ប៉ុន្តែពេលនេះ បឹងធម្មជាតិដែលមានប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិមួយនេះ ត្រូវបានក្រុមឈ្មួញ ក្រោមកិច្ចសហការល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញបំផ្លាញចោល ដើម្បីតែប្រយោជន៍បុគ្គលមួយក្តាប់តូចតែប៉ុណ្ណោះ។
ករណីឈ្មួញចាក់ដីលុប «បឹងសង់តាកឺយ» នេះលោក កុក ឈួន ចៅសង្កាត់កំពង់ប្រណាក បានបានទទួលស្គាល់ថា ដីបឹងនេះក្រុមអ្នកចាក់ដីគេមានប្លង់រឹងរួចអស់ហើយ។
ដោយឡែក លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានទទួលស្គាល់ថា «ដីបឹងខាងលើនេះថ្នាក់ខេត្តគេបានមានគម្រោងចែកឲ្យប្រជាពលរដ្ឋដើម្បីបង្កើតតំបន់បៃតងជុំវិញខេត្ត»។
លោក ប៉ុក ងួន អភិបាលស្តីទីក្រុងព្រះវិហារមិន សារព័ត៌មាន ដេលីខ្មែរមិនអាចសុំការពន្យល់បានទេ ទាក់ទងក្រុមឈ្មួញចាក់ដីលុបយកធ្វើកម្មសិទ្ធិនេះ។ ប៉ុន្តែប្រជាពលរដ្ឋ សង្ឃឹមថាលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារថ្មី នឹងអាចការពារ «បឹងសង់តាកឺយ» នេះបានគង់វង្សដូចសម័យ លោក អ៊ុន ចាន់ដា នៅជាអភិបាលខេត្តនេះដែលតែងតែ ការពារសម្បត្តិធម្មជាតិ ទុកជូនពលរដ្ឋប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងប្រយោជន៍របស់សង្គមជាតិ៕