“ទីផ្សារមូលបត្រ” ដែលភាគច្រើនត្រូវបានគេស្គាល់ថាជា”ទីផ្សារភាគហ៊ុន” គឺជាកន្លែងដែលផ្ដល់ប្រភពទុនដ៏ធំសម្បើមជាងគេគ្មានដែនកំណត់ និងជាប្រភពទុនមិនចេះរីងស្ងួតសម្រាប់អាជីវកម្មដែលមានសក្តានុពលទាំងឡាយនៅលើសកលលោក។
សម្រាប់កម្ពុជា មួយរយ:ពេលចុងក្រោយនេះ គឺមានក្រុមហ៊ុនធំៗមួយចំនួនបានចុះបញ្ជីដាក់ក្រុមហ៊ុនរបស់ខ្លួនចូលទៅក្នុងទីផ្សារមូលបត្រនេះដើម្បីបង្កើនប្រភពទុនរបស់ខ្លួនអោយកាន់តែខ្លាំងនិងពង្រីកខ្លួនអោយកាន់តែលឿន ហើយបង្កើនប្រាក់ចំណេញអោយបានកាន់តែច្រើន ក្នុងនោះដែរក៏មានធនាគារធំៗមួយចំនួនកំពុងតែរៀបចំខ្លួនចូលទៅក្នុងទីផ្សារមូលបត្រនេះដើម្បីចាប់យកឱកាសទាញយកប្រយោជន៍នេះផងដែរ ដូចជាធនាគារ ACELEDA និង ABA… ជាដើម។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ”គណ:កម្មការមូលបត្រកម្ពុជា” ក៏បាន បង្កើតយន្តការប្រភពទុនថ្មីមួយបន្ថែមទៀតដែលមានឈ្មោះថា “គម្រោងវិនិយោគរួម” ( Collective Investment Scheme) ដែលនេះគឺជាច្រកថ្មីមួយបន្ថែមទៀតជូនដល់សហគ្រិនឬសហគ្រាសកម្ពុជាដែលមានសក្តានុពល អាចស្វែងរកប្រភពទុនធំ ដើម្បីពង្រីកអាជីវកម្មនិងបង្កើនប្រាក់ចំណេញរបស់ខ្លួន ឱ្យបានកាន់តែខ្លាំង និងដើម្បីពង្រឹងនិងពង្រីកកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរឹងមាំនិងខ្លាំងក្លាទៅមុខបានឆាប់រហ័ស។
ជាលទ្ធផល រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ “គណ:កម្មការមូលបត្រកម្ពុជា” បានផ្ដល់ជូនអាជ្ញាប័ណ្ណ “ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ” ដល់ក្រុមហ៊ុន CEO MASTER CLUB INVESTMENT Plc កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ នៅក្នុងពិធីសម្ពោធទីតាំងក្រុមហ៊ុននិងការិយាល័យផ្លូវការរបស់ខ្លួននៅកោះពេជ្រ អាគារ Diamond Twin Tower។
ក្រុមហ៊ុន CEO MASTER CLUB INVESTMENT PLC ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិស្របច្បាប់នឹងត្រូវធ្វើការសហការជាមួយអ្នកពាក់ព័ន្ធជាច្រើនជាពិសេសជាមួយសហគ្រិនឬសហគ្រាសដែលត្រូវការទុនវិនិយោគ ដើម្បីពង្រីកអាជីវកម្មនិងប្រាក់ចំណេញរបស់ខ្លូនឱ្យបានកាន់តែច្រើននិងឆាប់រហ័ស។
ដើម្បីធ្វើអោយទីផ្សារវិនិយោគរួមទាំងមូលនៅកម្ពុជាមានលក្ខណ:ពេញលេញ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ សហគ្រិនឬសហគ្រាសដែលត្រូវការទុនវិនិយោគដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនទៅមុខឱ្យបានឆាប់រហ័ស កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ”គណៈកម្មការមូលបត្រកម្ពុជា” បានអនុម័តផ្តល់ជូនអាជ្ញាប័ណ្ណពិសេសថ្មីមួយបន្ថែមទៀតដល់ក្រុមហ៊ុន CEO MASTER CLUB INVESTMENT Plc ឱ្យមានសិទ្ធិស្របច្បាប់ក្នុងការបំពេញសេវាបន្ថែមជា “ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិ ” (Distributor) ដែលក្រុមហ៊ុននេះមានសិទ្ធិស្របច្បាប់ក្នុងការសហការជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត ដើម្បីកៀរគរទុនវិនិយោគពីសាធារណៈ និងបង្កើតផលប្រយោជន៍ប្រាក់ចំណេញដល់អ្នកវិនិយោគសាធារណៈប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និងតម្លាភាពខ្ពស់បំផុត។
លោក អោម សេងបូរ៉ា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុន CEO MASTER CLUB INVESTMENT Plc បានសម្តែងនូវសេចក្តីរីករាយ និងការដឹងគុណយ៉ាងខ្លាំងដល់ក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មការមូលបត្រកម្ពុជាដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុន CEO MASTER CLUB INVESTMENT Plc របស់លោក ដោយការផ្តល់អាជ្ញាប័ណ្ណពីរផ្ទួនៗគ្នាតែម្ត។
ក្រុមហ៊ុនរបស់លោកក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើការសហការជាមួយសហគ្រិនដែលត្រូវការទុនវិនិយោគ ដើម្បីពង្រីកអាជីវកម្មនិងប្រាក់ចំណេញរបស់ខ្លួនឱ្យបានឆាប់រហ័ស ក៏ដូចជាការសហការជាមួយអ្នកវិនិយោគសក្តានុពលទាំងឡាយដែលចង់ទទួលបានប្រាក់ចំណេញចេញពីការវិនិយោគរបស់ខ្លួនដោយមិនចាំបាច់ប្រឈមនឹងការលំបាកភាពស្មុគស្មាញ ក៏ដូចជាភាពនឿយហត់ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងនោះទេ។
លោកក៏បានគូសបញ្ជាក់ថា ភាពរឹងមាំរបស់ក្រុមហ៊ុនវិនិយោគក្នុងស្រុក ដែលមានវិជ្ជាជីវៈច្បាស់លាស់ មានភាពត្រឹមត្រូវស្របច្បាប់ ប្រកបដោយទំនុកចិត្ត និង តម្លាភាព ពិតប្រាកដ គឺជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចមួយដ៏សំខាន់និងរឹងមាំសម្រាប់ប្រទេសជាតិ ដោយសារក្រុមហ៊ុនវិនិយោគក្នុងស្រុកអាចបង្កើតប្រាក់ចំណូល ប្រាក់ចំណេញជាច្រើនដល់អ្នកពាក់ព័ន្ធទាំងអស់ ក៌ដូចជាជម្រុញឱ្យមានការបង្កើតផលិតផលសេវាកម្មថ្មីៗការបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងការបង់ពន្ធចំណូលជូនរដ្ឋបានកាន់តែច្រើន និងយូរអង្វែងទៀតផង។
គួរបញ្ជាក់ផងដែរ CEO MASTER CLUB INVESTMENT Plc បង្កើតឡើងក្នុងគោលបំណងដើម្បីជួយប្រមូលនិងគ្រប់គ្រងមូលធនសម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍ ហើយជាបុត្រសម្ព័ន្ធជាមួយនឹងCEO MASTER CLUB ដែលមានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង១0ឆ្នាំមកហើយ ដែលបានជួយសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនប្រមាណ ១,២០០ នាក់ គិតត្រឹមខែមីនាឆ្នាំ២០២០ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង ២,០០០ក្រុមហ៊ុនជាមួយនឹងប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារក្នុងមួយឆ្នាំ ហើយបានជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ជាង១០ម៉ឺននាក់៕