ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមចម្ការកៅស៊ូវៀតណាមនឹងរើសកម្មកររាប់ម៉ឺននាក់នៅកម្ពុជាទៅបម្រើការភ្លាមៗ

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសំដែងនូវការពេញចិត្តនឹងគាំទ្រយ៉ាងខ្លាំង ចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យ នៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម។

គណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា អមដោយក្លឹបអ្នកធុរកិច្ចវៀតណាមប្រចាំកម្ពុជា ធនាគារកសិកម្មវៀតណាម (AGRI Bank) តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា សម្ពន្ធក្រុមហ៊ុនថាឌី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់អ្នកធុរកិច្ច និងវិនិយោគិនវៀតណាម ដែលនៅតែបន្តការបណ្តាក់ទុន និងផ្តល់ឱកាសការងារជូនបងប្អូន កម្មករនិយោជិតកម្ពុជា បើទោះជាប្រទេសយើងទាំងពីរកំពុងប្រឈមនឹងជំងឺកូវិដ១៩ ក៏ដោយ។

តំណាងអោយសម្ព័ន្ធក្រុមហ៊ុនវៀតណាមដ៏ធំនៅកម្ពុជា លោកឧកញ៉ា ឡេង ឫទ្ធី បានសំដែងនូវការថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន ជួយសម្រួល និងគាំទ្រដល់ការធ្វើអាជីវកម្មពាណិ ជ្ជកម្ម និងវិនិយោគរបស់វៀតណាមនៅកម្ពុជា។

លោកឧកញ៉ា ឡេង ឫទ្ធី បានលើកឡើងថា បច្ចុប្បន្ន សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែលជាដៃគូមានចម្ការកៅស៊ូប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ឆ្នាំ២០២០-២០២១ មានជាង១សែន៥ពាន់នាក់ ហើយសម្រាប់ការងារបន្ទាន់ក្រុមហ៊ុ ៩០០០ នាក់។

លោកបន្តទៀតថាប អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល សម្រាប់អ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លាន រៀល ទៅ ១លាន៥សែនរៀល ហើយបងប្អូនកម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង។

លោករដ្ឋមន្ត្រីបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងចំពោះការលើកឡើង និងសំណើរបស់ភាគីវៀតណាម ដោយបានណែនាំឱ្យក្រុមហ៊ុនធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មទៅតាមមូលដ្ឋាន ឬកម្លាំង ពលកម្មដែលបងប្អូនយើងបាត់បង់ការងារដោយសារតែ សហគ្រាស គ្រឹះស្ថានរបស់ខ្លួនមិនអាចដំណើរការងារបានដោយបញ្ហាជំងឺកូវិដ១៩ជាដើម។

លោករដ្ឋមន្ត្រីបានលើកឡើងពីកម្លាំងពលកម្មដែលកម្ពុជាមានបច្ចុប្បន្ន សរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហ កម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមាន ១.៥លាននាក់ និងមន្ត្រីរាជការមាន ៥សែន នាក់ ដែលទាំងនេះជាប្រភពដែលយើងអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យ។

លោករដ្ឋមន្ត្រីបានស្នើដល់ខាងសមាគមធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមជ្ឈមណ្ឌលការងារចំនួន ១២ខេត្ត រួមនឹងមណ្ឌលការងារការងារចល័តផងដែរនោះចុះទៅធ្វើការផ្សព្វផ្សា យផ្ទាល់តែម្តងដល់មូលដ្ឋានតាមបណ្តាខេត្តនាន ដោយធ្វើការសហការជាមួយអាជ្ញាធរខេត្ត អញ្ជើញប្រជាពល រដ្ឋអោយចូលរួមចុះឈ្មោះតែម្តង។

ទន្ទឹមនោះលោករដ្ឋមន្រ្តី ក៏បានអោយសមាគមនេះ គិត គូរបន្ថែមទៀតក្នុងការផ្តល់នូវគោលនយោបាយពិសសដើម្បីផ្តល់ការទាក់ទាញដល់បងប្អូនកម្មករទៅបំរើការ ងារនៅទីនោះ ទាំងប្រាក់បៀវត្សន៍សមរម្យ អត្ថប្រយោជ កន្លែងស្នាក់នៅ សាលារៀន ផ្សារ សេវាសុខភាព ។