លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជួប លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការ ងារនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។
ក្រៅពីនោះកម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឲ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។
លោក ហ្វូមីអាគី បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា នាពេលនេះ ហើយបានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចរបស់ក្រុមធុរជនជប៉ុន ដែលសមាគមជប៉ុន-កម្ពុជា បានដឹកនាំមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
ដោយមានការគាំទ្រខ្លាំងកាលពីឆ្នាំមុន សមាគមជប៉ុន-កម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចលើកទីពីរ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមូលដ្ឋានផលិតសម្រាប់ផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោក និងតំបន់។
ដំណើរទស្សនកិច្ចនោះសមាគមជប៉ុន-កម្ពុជា នឹងនាំមកនូវសហគ្រាសធុនតូច និងមធ្យមមួយចំនួនមកកម្ពុជា ហើយសង្ឃឹមថា សហគ្រាសទាំងនោះមិនត្រឹមតែដាក់ទុនវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ទេរចំណេះដឹង និងបច្ចេកទេសថែមទៀតមកកម្ពុជា។
ក្នុងឱកាសនោះដែរ សមាជិកសមាគមជប៉ុន-កម្ពុជាមួយរូប ដែលកំពុងតែសិក្សាអំពីការផលិតផលិតផលសំអាង និងសាប៊ូពីសូត្រមាសកម្ពុជា ក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការបង្កើតម៉ាកបញ្ជាក់គុណភាព ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន និងទីផ្សារ។
លោករដ្ឋមន្ត្រី បានសាទរចំពោះគំនិតផ្ដួចផ្ដើមទាំងអស់នោះ ហើយបានលើកទឹកចិត្តឲ្យសមាគមជប៉ុន-កម្ពុជា ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ ចូលរួមនៅក្នុងពិព៌រណ៍ផលិតផលនាំចេញនាំចូលកម្ពុជា លើកទី១៥ ដែលនឹងត្រៀមធ្វើនៅខែធ្នូ ឆ្នាំ២០២០ផងដែរ។
ទាក់ទងនឹងការបង្កើតម៉ាកនានា លោករដ្ឋមន្ត្រី បានណែនាំឲ្យធ្វើការជិតស្និតជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងធ្វើការបន្ថែមលើករណីនេះ។