ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុស Covid-19 បានកើនឡើងដល់២២៩៤៣០នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២០ ខែមីនានេះ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៩៧៥៤នាក់ហើយដែរ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ ប្រទេសអ៊ីតាលី បាននាំមុខគេនៅលើពិភពលោក ដែលមានការបាត់បង់ជីវិតមនុស្សច្រើនជាងគេ ដោយសារវីរុស Covid-19 ដែលមានចំនួនច្រើនជាងប្រទេសចិនទៅទៀត គឺនៅប្រទេសចិនមានមនុស្សស្លាប់ចំនួន៣២៤៥នាក់ ហើយអ៊ីតាលីមានមនុស្សស្លាប់រហូតដល់ចំនួន៣៤០៥នាក់។
ចំពោះអ្នកជំងឺវីរុស Covid-19 ចំនួន៨៤៦៤៩នាក់ បានជាសះស្បើយពីវីរុសនេះផងដែរនៅជុំវិញពិភពលោក ដែលភាគច្រើននៃអ្នកជាសះស្បើយ គឺនៅប្រទេសចិន និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ៕