ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចុះអនុស្សារណៈជាមួយ​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាស្តីពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និង​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គំាទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មនៅទី២៣ ខែមីនាឆ្នាំ២០២០នេះ។
លោក កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានថ្លែងថា ការចុះ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ជាមួយសមាគមចំនួន ០៣រួចមកហើយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នំា២០២០ រួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងសមាគមអ្នកវិនិយោគកម្ពុជា (CIC)។
ការចុះអនុស្សារណៈទំាងនេះ មានគោលបំណងផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់សិប្បកម្មសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មឱ្យមានលទ្ធភាពពង្រីកអាជីវកម្មនិងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួ។


លើសពីនេះ ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
លោក អគ្គនាយកក៏បានលើកឡើងថា តួរនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទជាតួនាទីជាអន្តរការីករទទួលនូវកិច្ចការគ្រប់គ្រង និងអនុវត្តនូវគម្រោងហិរញ្ញប្បទានជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។
លោកបានបញ្ជាក់ថា តាមការរំពឹងកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារអាមេរិកនេះ នឹងជួយដល់សហគ្រាសប្រមាណជាង៥០០នៅកម្ពុជាអាចពង្រីកខ្លួនក៏ដូចការពង្រឹងសមត្ថភាពនិងគុណភាពផលិតផលរបស់ខ្លួនស្របតាមស្ដង់ដារនិងតម្រូវការទីផ្សារ។

អ្នកតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា លោក មៀវ សុខទ្រី បានលើកឡើងថា ការនេះរួមចំណែកលើការងារសហការផ្តល់ពត៌មានស្តីពីសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់ខ្លួនមានសក្តានុពលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានបំណងចង់ពង្រីកអាជីវកម្ម ដើម្បីជាធាតុចូលសម្រាប់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មពិចារណាផ្តល់ឥណទានតាមអត្រាការប្រាក់ទាបគំាទ្រការពង្រីកសកម្មភាពអាជីវកម្ម។


ចំពោះការកំណត់លក្ខខណ្ឌតម្រូវមួយចំនួនដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមគោលដៅ ដើម្បីអាចទទួលបានឥណទានរហូតដល់ ៣០០ ០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ៦%ប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦,៥% ប្រចំាឆ្នាំសម្រាប់ទុនវិនិយោគ (រយៈពេលវែង) រួមមាន៖ គម្រោងពង្រីកអាជីកម្មអាចបង្កើតការងារថ្មីបន្ថែមពី ៥ ដល់ ៣០ កន្លែងយ៉ាងតិច, ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ។


ក្រៅពីនេះត្រូវការជាចាំបាច់នូវឥណទាន សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្មជាដើម។ឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់ ៨០% នៃតម្លៃទ្រព្យធានាបំណុលដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុលក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីនសន្និធិលិខិតធានាសងបំណុលពីភាគីអ្នកទិញឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើក្រៅពីអចលនទ្រព្យ(ដីនិងអាគារ)។
ធនាគារក៏នឹងធ្វើការសម្របសម្រួលបណ្តុះបណ្តាលរៀបចំផែនការអាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុក៏ដូចជាការតភ្ជាប់ទីផ្សារដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម។ទន្ទឹមការផ្តល់ឥណទានផងដែរ។