សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ចាក់នៅថ្ងៃទី២៤ ខែមីនានេះ ខណៈដែលសម្តេច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយសម្តេចបញ្ជាក់ថា សម្រាប់កម្ពុជាយើងព្រំដែនអាកាសអត់បិទទេ ប៉ុន្តែដោយសារប្រទេសនានាគេបិទ វាដូចជាយើងបិទដែរ។ ឧទាហរណ៍សៀមរាប លឺថាថ្ងៃនេះតាមរបាយការណ៍មកថា ហាក់ដូចជាមិនមានជើងហោះហើរទេ អញ្ចឹងប្រៀបថា ទោះបីជាយើងមិនបានបិទ ប៉ុន្តែប្រទេសនានាគេបិទ វាដូចតែគ្នាទេ ព្រោះអាហ្នឹងជាវិធានការ ដើម្បីជួយប្រជាជនរបស់គេ។
សម្តេចមានប្រសាសន៍បន្តថា គ្មានជើងហោះហើរទាល់តែសោះនៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តសៀមរាប សម្រាប់កម្ពុជាយើង មិនទាន់មានវិធានការបិទជើងហោះហើរផ្លូវអាកាសទេ ។
សម្តេចមានប្រសាសន៍បន្ថែមថា ចំពោះវិធានការបិទផ្លូវអាកាសរបស់ប្រទេសនានាលើពិភពលោកក៏ដូចជាប្រទេសជិតខាងក្បែរកម្ពុជាយើង សុទ្ធតែជាវិធានការជួយយើងផងដែរ ពីការចម្លងមេរោគ Covid-19 ដ៏កាចសាហាវនេះ។ទោះបីកម្ពុជាមិនបានប្រកាសថាបិទជើងហោះហើរ ប៉ុន្តែគ្រប់ប្រទេសលើពិភពលោក បានបិទអស់ហើយធ្វើឲ្យគ្មានអ្នកធ្វើដំណើរតាមយន្តហោះមកឡើយ។ ហេតុនេះ ទោះបីកម្ពុជាយើង មិនមានវិធានការបិទជើងហោះហើរក៏ដោយ ក៏ជើងហោះហើរយើង អាចត្រូវបិទដោយស្វ័យប្រវត្តិដែរ៕