ភ្នំពេញ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានសម្ដែងនូវការអបអរសាទរ ចំពោះស្ត្រីជនជាតិអង់គ្លេសដែលជាអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានព្យាបាលជាសះស្បើយពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយអាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
លោក យ៉ុន សុខខុម ប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ឱ្យដឹងថ្ងៃទី២៤ មីនានេះថា អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងក្រុមគ្រូពេទ្យរបស់ អង្គការសុខ ភាពពិភពលោក (WHO) ក្រុមគ្រូពេទ្យរបស់ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺត្រូវបានជាសះស្បើយពីជំងឺរលាកសួត ប្រភេទថ្មី COVID-19 នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដោយសម្អាងទៅលើលទ្ធផលធ្វើតេស្ដអវិជ្ជមានចំនួនពីរដង ហើយអាចចាកចេញពីមន្ទីរពេទ្យ ដើម្បីត្រឡប់ទៅប្រទេស របស់គាត់វិញបាន។
លោកបានលើកឡើងថា ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សូមថ្លែងអំណរគុណ ដល់ ក្រុម គ្រូពេទ្យដែលបានថែទាំ និងព្យាបាលអ្នកជំងឺរួមមានដូចជា វេជ្ជ បណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា នឹងក្រុមការងាររបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផ្ទាល់ ដែលបានខិតខំប្រឹងប្រែងលះបង់នូវពេលវេលា និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ដើម្បីផ្តល់ការថែទាំដ៏ល្អបំផុតដល់អ្នកជំងឺ។
ក្នុងនាមជាអ្នកជំងឺ និងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញក៏សូមអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបញ្ជូនកញ្ចប់ឧបករណ៍វេជ្ជសាស្ត្ររបស់ខ្លួន និងថ្នាំប្រឆាំងវីរុសសម្រាប់ព្យាបាលអ្នក ជំងឺ។
លោកក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏ធំធេងពីសម្ព័ន្ធមិត្តអន្តរជាតិរបស់យើងដូចជា អង្គការសុខភាពពិភពលោក (WHO) ផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង របស់សហរដ្ឋអាមេរិក(CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងស្ថានទូត សម្រាប់កិច្ចខិតខំប្រឹង ប្រែងរួមគ្នាក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងយកចិត្តទុកដាក់ ដើម្បីព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ។
ទន្ទឹមនេះ ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នឹងខិតខំប្រឹង ប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការព្យាបាលដោយសុវត្ថិភាពជូនប្រជាជនកម្ពុជានិងជន បរទេសនៅក្នុងប្រទេសកម្ពុជា។
លោក យ៉ុន សុខខុម ក៏បានអះអាងថា សព្វថ្ងៃនេះពុំមានអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ស្នាក់នៅនិងព្យាបាលក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនោះទេ ហើយ សម្រាប់អ្នកជំងឺ ដែលមានការសង្ស័យ មន្ទីរពេទ្យនឹងធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្ដ ភាព ខ្មែរ-សូវៀតដើម្បីស្វែងរកជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលបានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានរួមចំណែកជួយ ព្យាបាល និងថែទាំស្រ្ដីជនជាតិអង់គ្លេស(ពិការ) អាយុ៦៥ឆ្នាំដែលជាអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19ហើយត្រូវបានព្យាបាលជាសះស្បើយ។
លោកស្រីបានបញ្ជាក់ថា ស្រ្ដីជនជាតិអង់គ្លេសរូបនេះ ត្រូវបានបង្ហាញលទ្ធផលតេស្ដ អវិជ្ជមានវីរុសកូវីដ-១៩ ចំនួនពីរដងហើយត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២០ និងអាចត្រឡប់ទៅកាន់ប្រទេសកំណើរបស់គាត់វិញ។
សូមបញ្ជាក់ថា អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំដែលមានជំងឺរលាកសួត ប្រភេទ ថ្មី COVID-19 ត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួចបន្តព្យាបាលនៅមន្ទីរ ពេទ្យ រ៉ូយ៉ាល់ពេញ ចាប់តាំងពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ បន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគ វិនិច្ឆ័យ ឃើញថាមានជំងឺរលាកសួតប្រភេទថ្មី COVID-19 នៅថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២០ ដោយអ្នកជំងឺបានធ្វើការសហការបានយ៉ាងល្អជាមួយក្រុមគ្រូពេទ្យតាំងពីចូលព្យាបាលដំបូង រហូតដល់ ជាសះស្បើយ។
ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយប្រើថ្នាំ ប្រឆាំង វីរុស និងការ ព្យាបាល ដោយដាក់អុកស៊ីសែនដើម្បីជំនួយក្នុងការដកដង្ហើមការធ្វើតេស្តផ្សេងៗពីមន្ទីរ ពិសោធន៍ ការ ថតកាំរស្មីអ៊ិចនិងការស្កេនសួតត្រូវបានអនុវត្តន៍ជាប្រចាំរៀងរាល់៣ថ្ងៃម្តង ដើម្បីតាមដាន និងធានាសុវត្ថិភាពដល់អ្នកជំងឺ។
ក្រោយការព្យាបាលមួយ រយៈ ទើប មានការធ្វើតេស្តរកមេរោគរលាកសួតប្រភេទថ្មីឡើងវិញ ហើយលទ្ធផលបានបញ្ជាក់ថា អវិជ្ជមានជាលើកដំបូងនៅថ្ងៃទី១៩ ខែមីនាហើយបន្ទាប់មកទៀតគាត់ត្រូវបានធ្វើតេស្តអវិជ្ជមានជាលើកទីពីរដែលបានធ្វើឡើងនៅថ្ងៃទី២១និង២២ ខែមីនាឆ្នាំ២០២០៕
ដោយ៖ សំរិត សួស