ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃ​ទី​២០-២៣ ខែមករា​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ជា​មន្ត្រីជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាល និង​អ្នកវិនិយោគទុន​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នៅ​ចិន នាពេលនេះ ក្រៅពី​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​នឹង​ទទួលបាន​ជំនួយ និង​ការវិនិយោគ​បន្ថែមទៀត ពី​មិត្ត​ចិន​។

​មុន​អញ្ជើញ​ទៅកាន់​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ចិន លើក​នេះ សម្តេច​មាន​គម្រោង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

​សម្តេច​ហ៊ុនសែន បន្ថែមថា នៅក្នុង​ឱកាស​នោះ យើង​នឹងមាន​កិច្ចពិភាក្សា​លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​។ អនុស្សារណៈ និង​កិច្ចព្រមព្រៀង​មួយចំនួន ត្រូវបាន​ពង្រាង​រួចហើយ សម្រាប់​ចុះហត្ថលេខា​ជាមួយ​ភាគី​មិត្ត​ចិន​។

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា “​មិត្ត​ចិន មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន និង​បាន​ជួយ​កម្ពុជា​យើង​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​សម្តេច​តា មកទល់​សព្វថ្ងៃនេះ​។ កម្ពុជា សូម​អរគុណ​មិត្ត​ចិន ចំពោះ​ការជួយជ្រោមជ្រែង​ទាំងឡាយ ដែល​បានធ្វើអោយ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ​”​។

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ក៏ត្រូវ​បាន​ក្រសួងការបរទេស ប្រកាស​កាលពី​ថ្ងៃទី​១៨ ខែមករា​ថា ក្រៅពី​ជួប​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ទទួល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន និង​លោកជំទាវ គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា និង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​ចំនួន ៤​រូប​ទៀត ពី​ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។​

​ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍ លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ផងដែរ​។

​ក្រសួងការបរទេស ក៏បាន​គូសបញ្ជាក់ថា ការជួបពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ចិន នឹង​ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ រំពឹងថា នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ផងដែរ​៕