ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ ឃួង ស្រេង ដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ចុះធ្វើសកម្មភាពបិទប៊ៀហ្គាឌិននានាដែលមាននៅក្នុងមូលដ្ឋានបន្ថែមទៀត 

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញធ្វើសកម្មភាព ដោយចុះបិទប៊ៀហ្គាឌិននានាដែលមាន​នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (COVID​-19) ខណៈជម្ងឺនេះបាននឹងកំពុងរីករាលដាលមិនថានៅលើពិភពលោកនិងប្រទេ​សកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។

ការដាក់បទបញ្ជាបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មិនា ឆ្នាំ២០២០ ពោលគឺ ក្រោយពីក្រសួងទេសចរណ៍បានធ្វើសំណើទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដើម្បីឲ្យសម្តេចតេជោហ៊ុន សែន បិទប៊ៀហ្គាឌិននេះជាបណ្តោះអាសន្នបន្ថែមទៀត ខណៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយមានការបិទខារ៉ាអូខេ ក្លឹបកំសាន្តទាំងអស់ទូទាំងប្រទេសហើយនោះ។

លោក​​ ឃួង ស្រេង ក៏បានបញ្ជាក់ឲ្យបានដឹងផងដែរថា ការបិទខាងលើនេះ គឺបិទតែទី​តាំង​បៀរហ្គាឌិន ខារ៉ាអូខេទីកន្លែងសប្បាយសុខភាពនិងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ ។ ដោយឡែក សម្រាប់ទីតាំងផ្សារលក់ដូរ គ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋ បន្តជីវកម្មលក់ដូរជាធម្មតា ។

លោក​​អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវ នាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់និងបង្ការឱ្យបាននូវការឆ្លងរាលដាល នៃមេរោគកូវីដ ១៩ (COVID-19) ។
សូមបញ្ជាក់ថា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ ១៩ (COVID-19)នេះដែរ តបតាម បទបញ្ជាពី រាជរដ្ឋាភិបាលកម្ពុជាអភិបាលរាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមរើសយក សណ្ឋាគារ និងសាលារៀន ព្រមទាំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៩៣ នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិ ចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់ ៕

ដោយ៖ សំរិត