ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឧកញ៉ា ស្រី វុទ្ធី និងលោកឧកញ៉ា សូ ងួន ជំពាក់បំណុលពន្ធរបស់រដ្ឋមិនទាន់មកទូទាត់

(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច​និងហិររញ្ញវត្ថុ​​​បានសរសេរលិខិតពីរច្បាប់​​ចុះថ្ងៃទី២៥ ខែមីនានេះទៅឧកញ៉ា​​២ រូប ដែលរងការចោទថា ​​​​ជំពាក់បំណុលរបស់រដ្ឋ ហើយរហូតមកដល់ពេលនេះមិនទាន់មកទូទាត់នៅឡើយទេ។​​​

លោកឧកញ៉ាល្បីឈ្មោះនៅកម្ពុជា​​ខាងលើទី១ គឺ លោកឧកញ៉ា ស្រី វុទ្ធី នាយកក្រុមហ៊ុន ងួន វុទ្ធី ត្រេឌីង ឌីវើឡូបមិន ខបផូរ៉េហ្សិន និងទី២ លោកឧកញ៉ា សូ ងួន នាយក្រុមហ៊ុន សូ ងួន ដឹកជញ្ជូននិងសេវាអាហរ័ណនីហរ័ណ ក្នុងកម្មវត្ថុ ដូចគ្នាគឺ «អញ្ជើញក្រុមហ៊ុនទាំងពីរនេះ មកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ»។​​​

លិខិតលោក គង់ វិបុលសង្គត់ធ្ងន់ថា« ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុន ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ា​​នាយកមិនបានមកតាមការអញ្ជើញនិងមិនបានទូទាត់បំណុលពន្ធឡើយ»។

អគ្គនាយកដ្ឋានពន្ធដារបានកំណត់ឲ្យលោកឧកញ៉ា សូ ងួន និងលោកឧកញ៉ា ស្រី វុទ្ធី មកអគ្គ​នាយកដ្ឋានពន្ធដារ មិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញ ក្នុងទំព័រសារព័ត៌មាននេះ( ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ )ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ពាក់ព័ន្ធនិងករណីនេះ Daily-Khmer ពុំទាន់បានសុំការពន្យល់ពីឧកញ៉ាល្បីឈ្មោះទាំងពីរខាងលើបាននៅឡើយទេ នៅថ្ងៃទី២៧ ខែមីនានេះ។ ប៉ុន្តែយើងតាមលិខិត​របស់ពន្ធដារ​​​​ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ «ឧកញ៉ានាយកត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និងមាត្រា១៣៦នៃច្បាប់ស្តីពីសារពើពន្ធ។

ហេតុដូច្នោះហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុន»៕