ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាលារាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយដែលមានទីធ្លាសំរាប់លំហែកំសាន្តកន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដើមឈើដាំស្មៅបង្គន់សា ធារណៈចំណតរថយន្តនិងម៉ូតូនិងបង្គោលបំភ្លឺសួនច្បារផងដែរ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩(វិថីភ្នំពេញ-ហាណូយ)ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រទទឹង១៦ម៉ែត្រដោយរៀបចំអោយមានជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដាំដើមឈើដាំស្មៅបង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ដើម្បីងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានមកលំហែកំសាន្ត និងបានហាត់ប្រាណនៅទីនេះ ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ឲ្យដឹង ថា សួនច្បារថ្មីនេះបានចាប់ផ្ដើមអនុវត្តការដ្ឋានកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ២០២០ ហើយជាគំរោងសួនច្បារនេះគ្រោះនឹងស្ថាបនា អោយបានរួចរាល់ក្នុងរយៈពេល ៤ទៅ៥ខែទៀត។

លោកសំ សាមុត បានបញ្ជាក់ថា ការស្ថាបនាសួនច្បារថ្មីនេះប្រើប្រាស់ពេលមិនយូរប៉ុន្មានទេ។ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យសាធា រណៈនៅលើសួនច្បារនេះតែម្តង។

រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់លើការកែលម្អសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ជាក់ស្ដែងនៅខណ្ឌ សែន សុខនេះ ពីមុន មិនធ្លាប់មានសួនច្បារសាធារណៈនោះទេតែដោយពិនិត្យឃើញថា ទីតាំងខាងលើអាចស្ថាបនាសួនច្បារសាធារណៈបានទើបអភិបាលនៃគណៈអភិបាលភ្នំពេញលោក ឃួង ស្រេង បានណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។

ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ៕