ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០២០នេះបានបញ្ជាក់ថា ការ ទប់ស្កាត់និងការបញ្ចៀសនូវការឆ្លងជំងឺCOVID-19ទាល់តែយើងទាំងអស់គ្នាចូលរួមនិងយល់ដឹងច្បាស់អំពីផលលំបាក់ ទើបទទួលបានជោគជ័យ ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺ COVID-19ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរយើងក៏បានកាត់បន្ថយនូវចំនួនសមាជិកសមាជិកាដែលចូលរួមជាមួយនឹងការកាត់បន្ថយពេលវេលានៃកិច្ចប្រជុំនេផងដែរ។
លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីបញ្ហាគ្រឿងញៀនផងដែរ ដោយលោកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ខណៈដែរមកដល់ពេលនេះ មានអ្នកជាប់ពន្ធនាគារដោយសារគ្រឿងញៀនមានរហូតទៅដល់៣០០០នាក់ហើយ។
លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបង្ក្រាបបញ្ហាគ្រឿង ញៀននេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាការឆ្លើយតប នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩មេសានោះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ផងដែរថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់នឹងការបង្រ្កាបលើបទល្មើសទាំងនេះ។
លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ផងដែរថាអាស៊ានទាំង១០ក៏មានបញ្ហាគ្រឿងញៀនដូចប្រទេស កម្ពុជាយើងដែរហើយនៅលើពិភពលោកយើងនេះក៏មិនទាន់មានប្រទេសណាមួយបានអនុវត្តនូវវិធានការបង្ក្រាបគ្រឿងញៀនឲ្យបានជោគជ័យ១០០%នៅឡើយដែរ។
លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការបង្ក្រាបបញ្ហាគ្រឿងញៀនយើងក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ទៅលើបញ្ហាគ្រឿងញៀននេះផងដែរដោយយើងបានផ្សព្វផ្សាយសារអប់រំតាមរយៈក្រសួងអប់រំនិងក្រសួងសុខាភិបាលជាដើម។
លោកបានបញ្ជាក់បន្ថែមទៀតថា បញ្ហាគ្រឿងញៀនយើងមិនទាន់បង្ក្រាបបានជោគជ័យ១០០ភាគរយនៅឡើយទេដោយសារតែអ្នករកស៊ីគ្រឿងញៀននេះពួកគេមិនត្រូវបានចំណាយដើមទុនតែចំណេញលុយយ៉ាងច្រើន។បញ្ហានេះហើយដែលធ្វើឲ្យពួកគេមិនខ្លាចប្រឈមមុខនឹងច្បាប់ប្រឈមមុខនឹងការជាប់គុកច្រវាក់។
លោកបានបន្ថែមទៀតថា កាលពីពេលមុន នៅតាមបណ្ដាសាលារៀនក៏មានការធ្វើចរាចរគ្រឿងញៀន ដែរ ។ ប៉ុន្តែនៅពេលនេះ វាជាមោទនភាព ដោយពេលនេះ នៅតាមបណ្ដាសាលារៀនទាំងនោះ មិនមានការជួញដូរគ្រឿងញៀនទៀតទេហើយយើងក៏បានបំផាត់ក្រុមក្មេងទំនើងនៅតាមបណ្ដាសាលារៀននេះផងដែរ៕
ដោយ:សំរិត