(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលមកកាន់មាតុប្រទេសវិញថ្ងៃទី២៣ ខែមករានេះ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅក្នុងដំណើទស្សនកិច្ចនេះ បានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង, លោកនាយករដ្ឋមន្រ្តី លី ឃឺឈាង និង លោកប្រធានរដ្ឋសភា វ៉ាង យ៉ាង ដែលបានរិតចំណងមិត្តភាពប្រទេសយើងទាំងពីរអោយកាន់តែល្អរឹងមាំថែមទៀត ជាពិសេសគឺបានពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិលើវិស័យសំខាន់ៗដូចជា កសិកម្ម, ពាណិជ្ជកម្ម ,វិនិយោគ, ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ឋជាដើម ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «កម្ពុជាបានត្រៀមខ្លួនជាស្រេចរួចហើយ ដើម្បីជំរុញគម្រោងផ្លូវ១ខ្សែក្រវាត់១ជាមួយប្រទេសចិនឲ្យបានជោគជ័យ។ ទន្ទឹមនឹងនេះដែរ ប្រទេសយើងទាំងពីនឹងខិតខំជំរុញទំហំពាណិជ្ជកម្មអោយឡើងដល់១០ពាន់លានដុល្លារនៅឆ្នាំ ២០២៣។
«នៅក្នុងទស្សនកិច្ចលើកនេះ រដ្ឋាភិបាលប្រទេសចិនជាបងប្អូន បានផ្តល់នូវជំនួយជិត៦០០លានដុល្លារ ហើយបានតំឡើងកូតាអង្ករចេញមកចិនរហូតដល់៤សែនតោនដល់កម្ពុជាទៀតផង។
«កម្ពុជានិងចិន គឺគោរពស្រឡាញ់គ្នាដូចជាបងប្អូន។ ការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីទំនាក់ទំនងដ៏ល្អ និងការចូលរួមរបស់មិត្តចិនបានឡើយ។
«ក្នុងនាមប្រជាពលរដ្ឋ និងប្រទេសកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមអរគុណរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលជានិច្ចជាកាលគឺតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាអោយបានរីកចម្រើនមកទល់សព្វថ្ងៃ។ «សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អគ្រប់ៗគ្នា»៕